ស្របពេលដែលមនុស្សរាប់ម៉ឺននាក់ រត់ភៀសខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ Baalbek-Hermel សាលារៀនមួយកន្លែងនៅក្នុងទីក្រុង Deir al-Ahmar បានប្រែក្លាយជាទីជម្រកសម្រាប់គ្រួសារជម្លៀសខ្លួនដែលបានបង្ហាញការលំបាករបស់ពួកគេ ដោយសារកង្វះខាតការឆ្លើយតបជំនួយមនុស្សធម៌ និងអាកាសធាតុត្រជាក់ខ្លាំង ។
ទីក្រុងតំបន់ភ្នំគ្រីស្ទាន Deir al-Ahmar ស្ថិតនៅតំបន់ភាគខាងកើតប្រទេសលីបង់ បានទទួលគ្រួសារជម្លៀសខ្លួនជាង ១ម៉ឺននាក់រួចទៅហើយ មុនពេលអ៊ីស្រាអែល បង្កើនការវាយប្រហាររបស់ពួកគេលើទីក្រុងមូស្លីម Baalbek និងទីក្រុងក្បែរៗ ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ ក្នុងសប្តាហ៍នេះ ។
មនុស្សរាប់ពាន់នាក់ កំពុងហូរចូលទីក្រុង Deir al-Ahmar ខណៈការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតែបន្ត ។ តម្រូវការកើនឡើង សីតុណ្ហភាពធ្លាក់ចុះ ហើយការផ្គត់ផ្គង់នៅក្នុងទីក្រុងកាន់តែយ៉ាប់យ៉ឺនខ្លាំង ។
ក្រុមជំនួយដែលធ្លាប់ផ្តល់អាហារ ២ពេលនៅក្នុងសាលារៀន បានកាត់បន្ថយអាហារពេលព្រឹកមួយពេល ដើម្បីផ្តល់អាហារបានច្រើននៅអាហារថ្ងៃត្រង់ ។
មនុស្សនៅក្នុងទីក្រុងបានរួមចំណែកបរិច្ចាគផងដែរនូវសម្លៀកបំពាក់ខែរងា និងផ្តល់ជាភួយ ប៉ុន្តែពួកគេនៅតែខ្វះខាត ធ្វើឲ្យគ្រួសារជម្លៀសខ្លួនដណ្តប់ភួយរួមគ្នានៅពេលយប់ ។
អ្នកស្រី Suzanne Qassem ជាស្រ្តីម្តាយកូន ២ នៅជំរំភៀសខ្លួន ហើយផ្ទះរបស់គាត់នៅទីក្រុង Buday ត្រូវបានបំផ្លិចបំផ្លាញនោះ និយាយថា ទោះបីជាពួកយើងរត់ភៀសខ្លួនចេញពីការទម្លាប់គ្រាប់បែកមែន តែពួកយើងអាចនឹងត្រូវស្លាប់ដោយសារអាកាសធាតុត្រជាក់ដែរ ។
សីតុណ្ហភាពនៅទីក្រុង Deir al-Ahmar បានធ្លាក់ចុះដល់ ៦អង្សាសេនៅពេលយប់ មុនរដូវរងាមកដល់ ហើយសាលារៀនគ្មានប្រេងម៉ាស៊ូតសម្រាប់ប្រព័ន្ធកម្តៅនោះឡើយ ។
អ្នកស្រី Neyfe Mazloum វ័យ ៦៩ឆ្នាំ និយាយថា នៅពេលយប់ ពួកយើងញ័រពេញខ្លួនប្រាណ ញ័រអស់ដៃ-ជើង ខ្ញុំលើកពួករបស់ខ្ញុំគ្របកូនស្រីរបស់ខ្ញុំ ហើយនិងប្រាប់នាងឲ្យឱបខ្ញុំ ដើម្បីឲ្យបានកក់ក្តៅ ប៉ុន្តែពួកយើងនៅតែរងាដដែល ៕