នៅក្នុងកិច្ចខិតខំផ្តល់ការអប់រំដល់ក្មេងៗនៅតំបន់ហ្កាហ្សា ស្របពេលសង្រ្គាមនៅតែបន្តក្នុងដែនដីបិទច្រកមួយនេះ សាលារៀនបណ្តោះអាសន្នបានបើកថ្នាក់រៀននៅក្នុងជំរំ al-Mawasi ស្ថិតក្នុងទីក្រុង Khan Younis កាលពីថ្ងៃព្រហស្បតិ៍ ។
គម្រោងដែលគាំទ្រដោយមូលនិធិសម្រាប់ការអប់រំពីចម្ងាយ Omani Endowment ត្រូវបានអនុវត្តដោយសមាគមសប្បុរធម៌ Wafaa Al Mohsenin ហើយយោងតាមសម្តីរបស់សមាជិកពួកគេ បានឲ្យដឹងថា ថ្នាក់រៀនធ្វើពីសំពត់តង់ អាចផ្តល់កន្លែងសិក្សាដល់សិស្សរហូតដល់ ១.៨០០នាក់ ចាប់ពីថ្ងៃទី ១ រហូតដល់ថ្នាក់ទី ៤ ។
សាលារៀនហ្កាហ្សា បានក្លាយជាគំនរបាក់បែក ឬត្រូវបានផ្លាស់ប្តូរធ្វើជាទីជម្រកសម្រាប់គ្រួសារជម្លៀសខ្លួនចេញពីសង្រ្គាមដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ។
ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្មេងៗគ្រប់អាយុចូលរៀនប្រហែល ៦២៥.០០០នាក់នៅតំបន់ហ្កាហ្សា មិនអាចចូលរៀនបានឡើយ ។
អ្នកស្រី Nora Fathi Abu Musa គឺជានាយកសលារៀនមួយនេះ និយាយថា ពួកយើងបាត់បង់សាលារៀនជាច្រើន មិនថាសាលារដ្ឋ ឬសាលាឯកជននោះឡើយ ។
អ្នកស្រីបន្តថា នេះហើយគឺជាហេតុផលដែលពួកយើងខិតខំធ្វើឲ្យក្មេងៗទទួលបានការសិក្សាឡើងវិញ បើទោះបីជាទំនួលខុសត្រូវ និងការលំបាកខ្លាំងយ៉ាងណាក៏ដោយ ស្របពេលដែលពួកយើងធ្វើការប្រឈមនឹងគ្រោះថ្នាក់គ្របពេលវេលា ។
អ្នកស្រី Abu Musa និយាយទៀតថា ពួកយើងនៅស្ថិតក្នុងសង្រ្គាម ហើយពួកយើងដឹងថា គ្រប់ពេលវេលាទាំងអស់ ពួកយើងអាចនឹងគ្រោះថ្នាក់ ប៉ុន្តែតាមបំណងព្រះ និងជាបំណងរបស់ជនប៉ាឡេស្ទីន ពួកយើងត្រូវតែផ្តល់ការសិក្សាដល់ក្មេងៗ ។
យោងតាមការអះអាងរបស់ក្រសួងអប់រំប៉ាឡេស្ទីនបានឲ្យដឹងថា សិស្ស-និស្សិតយ៉ាងហោច ១០.៤៩០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ហើយគ្រូបង្រៀន និងសាស្រ្តាចារ្យជាង ៥០០នាក់ ត្រូវបានសម្លាប់ផងដែរ ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនៅតំបន់ហ្កាហ្សា និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៤៣.២០៤នាក់ និងមនុស្ស ១០១.៦៤១នាក់ផ្សេងទៀត ៕