ភ្នំពេញ ៖ ឥទ្ធិពលព្យុះទី១១ មានឈ្មោះថា NOUL(នូល) ដែលបាននាំទឹកភ្លៀងខ្លាំង និងខ្យល់បក់បោកខ្លាំង មកលើ ប្រទេស កម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ មិនបង្កផលប៉ះពាល់និងខូចខាតធ្ងន់ធ្ងរដល់ផលដំណាំពលរដ្ឋនោះទេ ប៉ុន្តែក៏មានការប៉ះពាល់ខ្លះដល់លំនៅឋានរបស់ប្រជាពលរដ្ឋ ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកនេះ ។
បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា បានថ្លែងប្រាប់BTV នៅថ្ងៃទី២១ ខែកញ្ញានេះ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កដោយសារព្យុះNOUL ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺបានបង្កអោយមានជំនន់ទឹកភ្លៀង នៅក្នុងខេត្តក្រចេះ ប៉ៃលិន ខេត្តឧត្តរមានជ័យ ហើយខេត្តក្រៅពីនេះ មានជំនន់ទឹកភ្លៀងលិចធម្មតា មិនមានរយៈពេលយូរ ដោយសារអំឡុងពេលនេះ មេឃមិនសូវមានភ្លៀងហើយជំនន់ទឹកភ្លៀងនេះ ក៏មានការស្រកអស់លឿនផងដែរ។
លោក ឃុន សុខា បន្តថា នៅក្នុងអំឡុងពេលនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ ក៏បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីផលប៉ះពាលនេះរួចរាល់អស់ហើយ ហើយព្យុះនោះ មិនបង្កប៉ះពាល់ខ្លាំងណាស់ណានោះទេ។
បើតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ ក៏បានចេញផ្សាយនៅព្រឹកទី២១ ខែកញ្ញានេះ បានឲ្យដឹងថា សម្រាប់ជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន ព្រឹកនេះ ដោយសារទឹកកំពុងតែហូរស្រកចុះទៅខាងក្រោមនៃតំបន់ផ្ទៃរងទឹករបស់អូរដូនតា កត្តានេះបានបង្កអោយទឹកកំពុងជន់លិច ផ្ទះប្រជាពលរដ្ឋចំនួន៣៧ខ្នង និងខ្នងប្រឡាយជាង២០០ម៉ែត្រ ផ្លូវលំប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសន្ទះ និងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ក៏ត្រូវបានទឹកជន់លិច ។
ដោយឡែកសម្រាប់ខេត្តឧត្តរមានជ័យវិញ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក នៅព្រឹកនេះ ធៀបនឹងថ្ងៃលា្ងចម្សិលមិញ កម្ពស់ទឹកមានជិត ៤ម៉ែត្រ ហើយបានស្រុកចុះ០.១៤ម៉ែត្រ ហើយចរាចរណ៍រថយន្តធុនធ្ងន់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ហើយផលប៉ះពាល់លំនៅឋានប្រជាពលរដ្ឋពុំមានទេ តែខណៈនេះមន្ទីរធនធានទឹកខេត្ត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ បានត្រៀមលក្ខណៈអន្តរាគមន៍រួចជាស្រេចដើម្បីជួយប្រជាពលរដ្ឋពេលជួបបញ្ហា។
តែទោះយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ៕





