សមាជិកនៃសហគមន៍អាមេរិកមូស្លីម ដែលបានមកចូលរួមក្នុងការបួងសួងកាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះបេក្ខជនប្រធានាធិបតីទាំងពីរ នៅមុនថ្ងៃបោះឆ្នោត។
ប្រជាជននៅខាងក្រៅមជ្ឈមណ្ឌលឥស្លាមទីក្រុង Washington D.C. បាននិយាយថា ពួកគេមានអារម្មណ៍ថាមិនត្រូវបានគេតំណាងឲ្យ មិនត្រូវបានគេយកចិត្តទុកដាក់ និងខកចិត្តចំពោះជម្រើសនានា ហើយអ្នកបោះឆ្នោតវ័យក្មេងមួយចំនួន បាននិយាយថា ពួកគេមានទំនោរទៅរកបេក្ខជនឯករាជ្យ។
លោក Omar Al Mukhtar យុវជនអាមេរិកាំងមូស្លីម ដែលនឹងបោះឆ្នោតជាលើកដំបូង បានអំពាវនាវដល់រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន លោក Joe Biden ទទួលខុសត្រូវចំពោះវិបត្តិនៅតំបន់មជ្ឈិមបូព៌ា និងតំបន់ហ្កាហ្សា និងបាននិយាយថា លោកនឹងមិនគាំទ្រគណបក្សប្រជាធិបតេយ្យឡើយ។
អ្នកបោះឆ្នោតអាមេរិកអារ៉ាប់ និងមូស្លីមមួយចំនួនខឹងនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា កំពុងងាកចេញពីលោកស្រី Kamala Harris គណបក្សប្រជាធិបតេយ្យ ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតី ដើម្បីគាំទ្របេក្ខជនគណបក្សទីបី លោក Jill Stein ក្នុងចំនួនដែលអាចធ្វើឲ្យចុះខ្សោយជ័យជម្នះរបស់លោកស្រី Harris នៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំង ក្នុងការបោះឆ្នោតនៅថ្ងៃអង្គារ ខាងមុខ។
ការស្ទង់មតិ កាលពីចុងខែសីហា ធ្វើឡើងដោយក្រុមប្រឹក្សាទទួលបន្ទុកក្រុមតស៊ូមតិទំនាក់ទំនងអាមេរិក-ឥស្លាម បានបង្ហាញថា នៅក្នុងរដ្ឋ Michigan ដែលជាតំបន់របស់សហគមន៍អាមេរិកអារ៉ាប់ដ៏ធំ ៤០% នៃអ្នកបោះឆ្នោតមូស្លីម បានគាំទ្រ លោក Stein របស់គណបក្សបៃតង(Green Party) ។ បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ទទួលបាន១៨% ខណៈ លោកស្រីHarris អនុប្រធានាធិបតីរបស់លោក Biden តាមពីក្រោយទទួលបាន ១២%។
លោក Trump បានព្យាយាមអំពាវនាវដល់អ្នកបោះឆ្នោតមូស្លីមនៅរដ្ឋ Michigan ដោយសន្យាថានឹងបញ្ចប់ជម្លោះ និងនាំមកនូវសន្តិភាពដល់តំបន់មជ្ឈិមបូព៌ា។

