ក្រុមអ្នកជួយសង្គ្រោះ បានស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបេតុង និងដែករមួល កាលពីថ្ងៃសុក្រ ទី ១ ខែវិច្ឆិកា បន្ទាប់ពីដំបូលបានបាក់រលំនៅច្រកចូលស្ថានីយ៍រថភ្លើងក្នុងទីក្រុង Novi Sad ប្រទេសស៊ែប៊ី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់ ។
រថយន្តស្ទូច និងគ្រឿងចក្រឈូសឆាយ បានជួយរុះរើបំណែកបាក់បែក រួមជាមួយក្រុមអ្នកជួយសង្គ្រោះ និងកម្មករសំណង់រាប់សិបនាក់ ខណៈបុគ្គលិកពេទ្យ និងរថយន្តសង្គ្រោះ កំពុងរង់ចាំនៅក្បែរនោះ។
ការបាក់រលំដំបូលប្រវែង៣៥ម៉ែត្រ បានកើតឡើងនៅពេលថ្ងៃត្រង់ នៅក្នុងទីក្រុងមានចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី Belgrade ។ អ្នកស្លាប់ ត្រូវបានទាញចេញពីគំនរបាក់បែក ពេញមួយរសៀល និងរហូតដល់ពេលល្ងាចថ្ងៃសុក្រ ។
លោក Luka Causic ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងគ្រាអាសន្នរបស់ក្រសួងមហាផ្ទៃ បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះមានភាពស្មុគស្មាញដោយសារតែទម្ងន់បេតុងធ្ងន់ខ្លាំង ហើយប្រតិបត្តិការ បានបន្តពេញមួយយប់។
បណ្តាញព័ត៌មាន N1 បានរាយការណ៍ថា ការសាងសង់អគារនេះឡើងវិញ ត្រូវបានបញ្ចប់កាលពីរដូវក្តៅ ប៉ុន្តែផ្នែកនៃដំបូលដែលបានបាក់រលំនោះ ពុំមែនជាផ្នែកនៃការសាងសង់ឡើងវិញនោះទេ។


