មន្ត្រីចារកម្មរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានដាក់កំហុសលើរុស្ស៊ីចំពោះវីដេអូក្លែងបន្លំនៃជនអន្តោប្រវេសន៍ហៃទី ដែលអះអាងថាបានបោះឆ្នោតច្រើនដង ជាព័ត៌មានចុងក្រោយបំផុតនៅក្នុងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់ នៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក កំពុងតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះលំហូរខ្លាំងនៃការផ្សព្វផ្សាយមិនពិត ពីតួអង្គ សម្ព័ន្ធមិត្តវិមានក្រឹមឡាំង នៅក្នុងថ្ងៃបិទការប្រកួតប្រជែងរវាងបេក្ខជនគណបក្សសាធារណរដ្ឋលោក Donald Trump និងអនុប្រធានាធិបតីលោកស្រី Kamala Harris គណបក្សប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីការបរទេសប្រចាំរដ្ឋ ហ្សកហ្ស៊ី លោក Brad Raffensperger ជាមន្ត្រីបោះឆ្នោតជាន់ខ្ពស់ បាននិយាយថា វីដេអូនៃជនអន្តោប្រវេសន៍ហៃទី ដែលអះអាងថាបានបោះឆ្នោតជាច្រើនសន្លឹកឲ្យលោកស្រី Harris គឺជាគំរូនៃ «ព័ត៌មានមិនពិតដែលត្រូវបានដាក់គោលដៅ»។
វីដេអូឃ្លីបមានរយៈពេល២០វិនាទី បង្ហាញពីបុរសម្នាក់និយាយថា «យើងមកពីប្រទេសហៃទី។ យើងបានមកដល់អាមេរិកកាលពី៦ខែមុន ហើយយើងមានសញ្ជាតិអាមេរិករបស់យើងរួចហើយ យើង បោះឆ្នោតឲ្យលោកស្រី Kamala Harris» ។
លោក Raffensperger បាននិយាយថា វីដេអូ «ក្លែងបន្លំ» ទំនងជាការផលិតរបស់រុស្ស៊ី ខណៈ មន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិក បានដាក់កំហុសដោយផ្ទាល់ «តួអង្គដ៏មានឥទ្ធិពលរបស់រុស្ស៊ី» ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ការិយាល័យនាយកចារកម្មជាតិ FBI និងទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត បាននិយាយថា សកម្មភាពរបស់រុស្ស៊ីគឺជាផ្នែកមួយនៃ «កិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងមូស្គូ ក្នុងការបង្កើនបញ្ហាដែលគ្មានមូលដ្ឋានច្បាស់លាស់អំពីសុចរិតភាពនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងការខ្វែងគំនិតគ្នាក្នុងចំណោមប្រជាជនអាមេរិក។

