ក្រុមអ្នកជួយសង្គ្រោះ បានបង្កើនចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរបំផុតនៅប្រទេសអេស្ប៉ាញ ដល់២០៥នាក់ គិតត្រឹមថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ហើយការព្រួយបារម្ភ បានកើនឡើងសម្រាប់អ្នកបាត់ខ្លួនរាប់សិបនាក់ទៀត ខណៈក្តីសង្ឃឹមក្នុងការស្វែងរកឃើញអ្នកនៅរស់រានមានជីវិត បានថមថយទៅ។
ទឹកជំនន់ ដែលបានហូរនាំយកយានយន្ត បំផ្លាញស្ពាន និងគ្របដណ្តប់នៅទីក្រុងនានាដោយភក់ល្បប់ចាប់តាំងពីថ្ងៃអង្គារ គឺជាគ្រោះមហន្តរាយ បណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុតនៅប្រទេសអឺរ៉ុបមួយនេះ។
អង្គការ ដែលសម្របសម្រួលអង្គភាពសេវាសង្គ្រោះបន្ទាន់នៅក្នុងតំបន់ Valencia ភាគខាងកើតដែលរងគ្រោះខ្លាំងបំផុត បាននិយាយថាមនុស្ស២០២នាក់ត្រូវបានបញ្ជាក់ថាស្លាប់នៅទីនោះ។
ក្រុមអ្នកជួយសង្គ្រោះដោយមានឧទ្ធម្ភាគចក្រ យានដ្រូន និងសត្វសុនខហិតក្លិន បានដើរឆ្លងកាត់ទឹក និងបានឆ្លងកាត់កម្ទេចកម្ទីរ ដើម្បីស្វែងរកមនុស្សរាប់សិបនាក់ ដែលអាជ្ញាធរជឿថានៅបាត់ខ្លួន។
រដ្ឋាភិបាល បានដាក់ពង្រាយទាហានចំនួន៥០០នាក់បន្ថែមទៀតទៅកាន់តំបន់រងគ្រោះ ដើម្បីបន្ថែមលើទាហានចំនួន១.២០០នាក់ដែលស្ថិតនៅកន្លែងនោះរួចហើយសម្រាប់កិច្ចការស្វែងរក ជួយសង្គ្រោះ និងដឹកជញ្ជូន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា ឆ្មាំស៊ីវិលតែមួយ បានជួយសង្គ្រោះមនុស្សជាង៤.៥០០នាក់គិតត្រឹមរសៀលថ្ងៃសុក្រ។ ប៉ុន្តែបីថ្ងៃក្រោយពីគ្រោះមហន្តរាយ ក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត កាន់តែថមថយ។

