ប្រទេសចិន និងស្លូវ៉ាគី បាននិយាយកាលពីថ្ងៃសុក្រ (ទី ០១ ខែវិច្ឆិកា)ថា ពួកគេនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ហើយនិយាយអំពីតម្រូវការសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Robert Fico ទៅកាន់ទីក្រុងប៉េកាំងរបស់ ដើម្បីចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រថ្មី។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានថ្លែងថា លោកនឹងលើកទឹកចិត្តសហគ្រាសចិន «សំខាន់ៗ» ឲ្យវិនិយោគនៅប្រទេសស្លូវ៉ាគី ហើយលោកបានអញ្ជើញក្រុមហ៊ុនស្លូវ៉ាគីឲ្យស្វែងយល់ពីទីផ្សាររបស់ប្រទេសចិន។
លោក ស៊ី ក៏បាននិយាយផងដែរថា ប្រទេសចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសស្លូវ៉ាគី លើវិស័យដូចជាថាមពលថ្មី ការដឹកជញ្ជូន និងភ័ស្តុភារ ក៏ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផងដែរ។
សេចក្តីថ្លែងការណ៍រួមមួយ បាននិយាយថា ភាគីទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍បៃតង និងស្វែងរកឱកាសក្នុងវិស័យបច្ចេកវិទ្យាបៃតង។
នៅក្រោមការដឹកនាំរបស់លោក Fico ស្លូវ៉ាគីមានបំណងចង់កសាងទំនាក់ទំនងទ្វេភាគី និងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ និងសម្ព័ន្ធភាពជាមួយបណ្តាប្រទេសមិនមែនសហភាពអឺរ៉ុប រួមទាំងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន នៅខាងក្រៅប្លុករដ្ឋទាំង ២៧ ក៏ដូចជារុស្ស៊ីផងដែរ។

