ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃសៅរ៍ (ទី២ វិច្ឆិកា)នេះថា ខ្លួននឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពការពារស្វ័យការពារ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា បានរុញឧបទ្វីបកូរ៉េ ឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម។
ដោយអានសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសដែលមិនបញ្ចេញឈ្មោះ អ្នកអានព័ត៌មានសម្រាប់ទូរទស្សន៍រដ្ឋនេះ បាននិយាយថា កូរ៉េខាងជើង នឹង «ប្រឆាំងដាច់ខាតចំពោះការគំរាមកំហែង និងការប្រឈមណាមួយ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។
ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែតុលា) បានបង្ហាញកម្លាំងយោធារបស់ខ្លួនជាមួយនឹងការសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបថ្មីមួយដែលមានឈ្មោះថា Hwasong-19។
ការបាញ់បង្ហោះនេះ បានហោះខ្ពស់ជាងមីស៊ីលកូរ៉េខាងជើងមុនៗ យោងទៅតាមកូរ៉េខាងជើង ក៏ដូចជាយោធានៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានតាមដានការហោះហើររបស់វាចូលជ្រៅទៅក្នុងលំហ មុនពេលវាធ្លាក់ចូលក្នុងមហាសមុទ្ររវាងជប៉ុន និងរុស្ស៊ី។

