នគរបាលអ៊ីស្រាអែល បាននិយាយថា មនុស្ស ១៩នាក់ នៅតំបន់ Sharon ភាគកណ្តាលប្រទេសអ៊ីស្រាអែល បានរងរបួស បន្ទាប់ពីយោធាបានរាយការណ៍ពីមានមីស៊ីលចំនួន ៣គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍ (ទី ២ ខែវិច្ឆិកា) នេះ។
សេវារថយន្តសង្គ្រោះជាតិ បានរាយការណ៍ថា មនុស្ស ៧នាក់ នៅកណ្តាលទីក្រុង Tira របស់អ៊ីស្រាអែល បានរងរបួស។
យោធាអ៊ីស្រាអែល បាននិយាយថា សំឡេងស៊ីរ៉ែន បានបន្លឺឡើង នៅតំបន់មួយចំនួននៃភាគកណ្តាល អ៊ីស្រាអែល បន្ទាប់ពីការបាញ់គ្រាប់មីស៊ីល។ យោធា បានអះអាងថា មីស៊ីលមួយចំនួន ត្រូវស្ទាក់ចាប់បាន។
ក្រោយមក ក្រុមអ្នកតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបាញ់បង្ហោះយានដ្រូនទៅកាន់ «គោលដៅសំខាន់» នៅភាគខាងជើងអ៊ីស្រាអែល។ គេមិនទាន់ដឹងច្បាស់ថាតើសកម្មភាពរបស់ក្រុមនេះ បានបង្កឲ្យមានអ្នករងរបួសឬយ៉ាងណានោះទេ។
ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡានៅប្រទេសលីបង់។

