ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពិភាក្សាគ្នានោះ បាននិយាយថា តម្លៃជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសលោកស្រីជាមួយរុស្ស៊ី កាន់តែមានសារៈសំខាន់ នៅក្នុងទិដ្ឋភាពនយោបាយអន្តរជាតិ។
លោកស្រី Choe Son-hui បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលសុន្ទរកថារបស់លោកស្រី នៅក្នុងពិធី គោរពចំពោះស្ថាបនិកកូរ៉េខាងជើងលោក Kim Il-sung ដែលបានធ្វើឡើងនៅស្ថានីយរថភ្លើងYaroslavl នៃទីក្រុងមូស្គូកាលពីសុក្រ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជម្ឈិមកូរ៉េ (KCNA) ។
នេះគឺជាការសេចក្តីរាយការណ៍ដំបូងរបស់ KCNA អំពីដំណើរទស្សនកិច្ចដែលកំពុងបន្តរបស់លោកស្រី Choe ទៅកាន់ប្រទេសរុស្ស៊ី។
លោកស្រី Choe បាននិយាយថា ដោយសារទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) តម្លៃជាយុទ្ធសាស្ត្រ និងសារៈសំខាន់នៃទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ី បានផ្តល់សារៈសំខាន់កាន់តែខ្លាំងឡើង នៅក្នុងទិដ្ឋភាពនយោបាយអន្តរជាតិដ៏ចាំបាច់»។

