យោងតាមប្រភពព័ត៌មានប៉ាឡេស្ទីន បានឲ្យដឹងថា មនុស្សយ៉ាងតិច ៣០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ។
ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់សារព័ត៌មានស៊ីនហួថា កងទ័ពអ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់ផ្សេងៗគ្នា នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសជំរំជនភៀសខ្លួន Nuseirat នៅភាគកណ្តាលតំបន់ហ្កាហ្សា។
ក្រុមគ្រូពេទ្យ បានរកឃើញសាកសពយ៉ាងហោចណាស់ ១០នាក់ បន្ទាប់ពីការវាយប្រហារដោយកាំភ្លើងធំទៅលើសាលារៀនមួយកន្លែងសម្រាប់ជនភៀសខ្លួន នៅភាគខាងជើងនៃជំរំ Nuseirat។ នេះបើយោងតាមក្រុមគ្រូពេទ្យប៉ាឡេស្ទីន។
ពួកគេបានបន្ថែមថា ក្រុមទាំងនោះ ក៏បានទាំងយកសាកសពចំនួន ៦នាក់ ចេញពីផ្ទះលំនៅឋានចំនួនពីរនៅជំរំ Nuseirat។
ប្រភពបាននិយាយថា ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងកុមារ និងស្ត្រី បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ទៅលើផ្នែកផ្សេងៗនៃជំរំ Nuseirat។

