អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាឲ្យដាក់ពង្រាយកងកម្លាំងបន្ថែម ទៅកាន់មជ្ឈិមបូព៌ា រួមទាំងនាវាពិឃាត យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកវាយប្រហាររយៈចម្ងាយឆ្ងាយ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដោយការរក្សាការប្តេជ្ញាចិត្តរបស់យើងចំពោះការការពារពលរដ្ឋ និងកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា ការការពារអ៊ីស្រាអែល និងការបន្ថយការកើនឡើងតាមរយៈការការពារ និងការទូត លោករដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឲ្យដាក់ពង្រាយនាវាពិឃាតការពារប្រឆាំងមីស៊ីលបាលីស្ទីកបន្ថែម កងនាវាចម្បាំង និង យន្តហោះសម្រាប់ចាក់សាំង និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 របស់កងទ័ពអាកាសអាមេរិកមួយចំនួន ទៅកាន់តំបន់នេះ។
លោក Ryder បានបន្ថែមថា កងកម្លាំងទាំងនេះ នឹងចាប់ផ្តើមមកដល់តំបន់មជ្ឈិមបូព៌ា ក្នុងប៉ុន្មានខែខាងមុខ ខណៈដែលក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Abraham Lincoln ត្រៀមចាកចេញពីតំបន់ នេះ ។
ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធមកពីក្រុមបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានចាប់ផ្តើមការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប។ ក្រុមហាម៉ាស បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារឥស្លាម Al-Aqsa នៅលើប្រាសាទភ្នំ ក្នុងទីក្រុងចាស់របស់រដ្ឋធានីហ្ស៊េរុយសា ឡឹម។

