ស្ត្រីរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ (០២ វិច្ឆិកា) ទាមទារសិទ្ធិស្រ្តីឱ្យកាន់តែរឹងមាំជាងមុន ហើយបានដើរដង្ហែរឆ្ពោះទៅសេតវិមាន ប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
ស្ត្រីមកពីទីក្រុងផ្សេងៗគ្នាបានធ្វើដំណើរទៅកាន់រដ្ឋធានីអាមេរិកមួយនេះក្នុងការជំរុញចុងក្រោយដើម្បីបង្ហាញការគាំទ្រចំពោះសិទ្ធិរំលូតកូនដោយស្របច្បាប់ និងបង្ហាញពីអារម្មណ៍របស់ពួកគេនៅពេលដែលការបោះឆ្នោតនៅថ្ងៃអង្គារ (០៥ វិច្ឆិកា) ខិតជិតមកដល់។
បាតុករទាំងនោះអំពាវនាវឱ្យមានការផ្លាស់ប្តូរ និងសមភាពយេនឌ័រ ដោយបានគ្រវីទង់ និងកាន់បដាតវ៉ា ខណៈស្រែកថា "យើងមិនត្រឡប់ទៅវិញទេ"។ អ្នករៀបចំបាតុកម្មប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេរំពឹងថានឹងមានអ្នកចូលរួម ៥.០០០នាក់ ប៉ុន្តែនៅពេលហ្វូងមនុស្សបានប្រមូលផ្តុំគ្នា មានអ្នកចូលរួមជិត ១០.០០០នាក់។
បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានតែងតាំងចៅក្រមដែលជួយលុបចោលសេចក្ដីសម្រេចឆ្នាំ១៩៧៣ ដោយបញ្ចប់សិទ្ធិសហព័ន្ធជិត ៥០ឆ្នាំក្នុងការរំលូតកូននៅឆ្នាំ២០២២។
ការបញ្ច្រាសនៃសេចក្ដីសម្រេចនេះ អនុញ្ញាតឱ្យសិទ្ធិរំលូតកូនត្រូវបានសម្រេចតាមរដ្ឋ ប៉ុន្តែសមាជិកបក្សសាធារណរដ្ឋបានឆ្លើយតបដោយការអនុម័តច្បាប់រឹតបន្តឹងការរំលូតកូននៅក្នុងរដ្ឋជាង២០។ គូប្រជែងបក្សប្រជាធិបតេយ្យរបស់លោក Trump និងជាអនុប្រធានាធិបតីបច្ចុប្បន្ន គឺលោកស្រី Kamala Harris បានដាក់សិទ្ធិរំលូតកូន ជាការសន្យាដ៏សំខាន់មួយក្នុងយុទ្ធនាការតំណែងសេតវិមានរបស់ខ្លួន៕


