យោធាកូរ៉េខាងត្បូង បាននិយាយថា សហរដ្ឋអាមេរិក បានធ្វើការហោះហើរយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយនៅក្នុងសមយុទ្ធត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃអាទិត្យ (០៣ វិច្ឆិកា) នេះ ជាការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលបាលិស្ទិកអន្តរទ្វីប (ICBM) ថ្មីមួយ ដែលត្រូវបានបង្កើតឡើងដើម្បីវាយប្រហារដីគោករបស់សហរដ្ឋអាមេរិក។
កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានសាកល្បងមីស៊ីល ICBM ឈ្មោះថា វ៉ាសុង-១៩ (Hwasong-19) ទើបនឹងបង្កើតថ្មី ដែលហោះបានខ្ពស់ជាងមុន និងស្ថិតនៅលើអាកាសបានយូរជាងមីស៊ីលដទៃទៀតដែលខ្លួនបានបាញ់។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហៅការសាកល្បងនោះថាជា "សកម្មភាពយោធាសមស្រប" ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខខាងក្រៅ ដែលបង្កឡើងដោយគូប្រជែងរបស់ខ្លួន។
កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃអាទិត្យនេះ យន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិក បានហោះហើរហ្វឹកហាត់ជាមួយយន្តហោះចម្បាំងកូរ៉េខាងត្បូង និងជប៉ុន នៅជិតឧបទ្វីបកូរ៉េ ដែលបង្ហាញពីការតាំងចិត្ត និងការត្រៀមខ្លួនយ៉ាងមុតមាំរបស់ប្រទេសទាំងបីក្នុងការឆ្លើយតបទៅនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងរីកចម្រើនរបស់កូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ការហ្វឹកហ្វឺនតាមអាកាសត្រីភាគីនេះ គឺជាលើកទីពីរដោយកូរ៉េខាងត្បូង អាមេរិក និងជប៉ុននៅឆ្នាំនេះ។ ជារឿយៗ សហរដ្ឋអាមេរិកឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលសំខាន់ៗរបស់កូរ៉េខាងជើង ជាមួយនឹងការដាក់ពង្រាយជាបណ្តោះអាសន្ននូវគ្រឿងយុទ្ធោបករណ៍ដ៏មានឥទ្ធិពលមួយចំនួនរបស់ខ្លួន ដូចជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ នាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់ និងក្បែរឧបទ្វីបកូរ៉េ៕


