ប្រទេសឥណ្ឌា បានតវ៉ាជាផ្លូវការកាលពីថ្ងៃសៅរ៍ (០២ វិច្ឆិកា) ចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលកាណាដា ដែលថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដ៏មានឥទ្ធិពលរបស់ឥណ្ឌា គឺលោក អាមីត ស្ហាហ (Amit Shah) បានបញ្ជាឱ្យកំណត់គោលដៅលើសកម្មជនផ្ដាច់ខ្លួនសាសនាស៊ីក នៅកាណាដា ដោយហៅការចោទប្រកាន់នោះថា "ជារឿងមិនសមហេតុផល និងគ្មានមូលដ្ឋាន" ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយកាលពីឆ្នាំមុនថា មានការចោទប្រកាន់ដ៏គួរឱ្យជឿជាក់ដែលថារដ្ឋាភិបាលឥណ្ឌាមានទំនាក់ទំនងនឹងការធ្វើឃាតសកម្មជនសាសនាស៊ីក លោក ហាឌីប ស៊ីញ នីចា (Hardeep Singh Nijjar) នៅទឹកដីកាណាដា ប៉ុន្តែឥណ្ឌា បានច្រានចោល ។
លោក រ៉ានហឺ ចៃស្វាល (Randhir Jaiswal) អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា "រដ្ឋាភិបាលឥណ្ឌា តវ៉ាយ៉ាងខ្លាំងក្លាបំផុតចំពោះឯកសារយោងដែលមិនសមហេតុផល និងគ្មានមូលដ្ឋានដែលបានធ្វើឡើងចំពោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា"។
ទីក្រុងញូវដែលី ដែលតែងព្រួយបារម្ភជាយូរមកហើយពីក្រុមផ្ដាច់ខ្លួនសាសនាស៊ីក បានចោទកាន់តែខ្លាំងឡើងថារដ្ឋាភិបាលកាណាដា បានផ្តល់សេរីភាពដល់ជនផ្ដាច់ខ្លួនទាំងនោះឱ្យបង្កើតចលនាដ៏រឹងមាំមួយដើម្បីទាមទារឯករាជ្យដល់ទឹកដីកំណើតអ្នកកាន់សាសនាស៊ីក ដែលត្រូវបានគេស្គាល់ថា ខាលីស្ថាន (Khalistan) នៅក្នុងប្រទេសឥណ្ឌា។ ជម្លោះការទូតនេះនាំឱ្យមានការបណ្ដេញប្រមុខការទូតរបស់គ្នាទៅវិញទៅមកកាលពីខែមុន៕


