នៅពេលដែលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ខិតជិតមកដល់នៅថ្ងៃទី០៥ ខែវិច្ឆិកា ស្អែកនេះ ការស្ទង់មតិបង្ហាញថាអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump មកពីបក្សសាធារណរដ្ឋ បានជាប់គាំងនៅក្នុងការប្រកួតប្រជែងដ៏តឹងរ៉ឹង និងប្រកៀកប្រកិត។

ប៉ុន្តែខណៈពេលដែលការបោះឆ្នោតអាមេរិក និយាយអំពីអ្នកដឹកនាំដែលប្រជាជនអាមេរិកចង់បាន ឥទ្ធិពលដ៏លើសលុបរបស់មហាអំណាចមួយនេះមានន័យថា ការប្រកួតប្រជែងកំពុងត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធនៅជុំវិញពិភពលោក។

ដូច្នេះ តើបេក្ខភាពរូបណាដែលមេដឹកនាំពិភពលោកចង់មើលឃើញនៅក្នុងតំណែងសេតវិមាន?
មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហើបបែបលេងសើចថាលោកប្រហែលជាចូលចិត្តលោកស្រី Harris ជាប្រធានាធិបតី ប៉ុន្តែសញ្ញាជាច្រើនចង្អុលបង្ហាញថា តាមពិតលោក ពូទីន ពេញចិត្តឱ្យលោក Trump ជាអ្នកឈ្នះ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មិនបានគាំទ្រអ្នកណាម្នាក់ជាសាធារណៈទេ ប៉ុន្តែនៅពីក្រោយឆាក ក្រុមមន្ត្រីចិនប្រហែលជាមានទំនោរទៅរកលោកស្រី Harris បន្តិច។

សម្រាប់អាស៊ី និងមជ្ឈិមបូព៌ាវិញមានភាពមិនប្រាកដប្រជា ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏មិនបានគាំទ្រជាសាធារណៈចំពោះបេក្ខជនណាម្នាក់ឡើយ ប៉ុន្តែគេជឿជាក់ថាលោកមានទំនោរទៅរកលោក Trump។ បណ្ដាមេដឹកនាំអឺរ៉ុបភាគច្រើនគាំទ្រលោកស្រី Harris ធ្វើជាប្រធានាធិបតីអាមេរិក៕