អ្នកស្រុកដែលមានកំហឹង បានគប់ដីល្បប់ទៅលើព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីអេស្បាញ កាលពីថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា និងស្រែកពាក្យថា «ឃាតក» ដោយបង្ខំឱ្យមន្ត្រីត្រូវកាត់បន្ថយរយៈពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងដែលរងគ្រោះដោយទឹកជំនន់ខ្លាំងបំផុត បណ្តាលឲ្យមនុស្ស២១៧នាក់ស្លាប់។

ហ្វូងមនុស្សដែលមានកំហឹងនៅក្នុងទីក្រុង Paiporta បានផ្តោតកំហឹងភាគច្រើនទៅលើនាយករដ្ឋមន្ត្រី លោក Pedro Sanchez និងប្រធានតំបន់ Valencia ដែលអ្នកទាំងពីរត្រូវបានសន្តិសុខអមនាំចេញពីហ្វូងមនុស្ស។
អ្នកសារព័ត៌មាន AFP បានមើលឃើញព្រះមហាក្សត្រ Felipe VI និងអគ្គមហេសី Letizia ត្រូវបានហ្វូងមនុស្សគប់ដីល្បប់ចំព្រះភ័កនិងព្រះព័ស្ត្រ ខណៈព្រះអង្គទាំងទ្វេរព្យាយាមរំងាប់អារម្មណ៍ អ្នកទាំងឡាយដែលមានកំហឹង។

ការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍អេស្ប៉ាញ រូបភាពមួយបានបង្ហាញពីកំហឹងខ្លាំងនៅក្នុងប្រទេស ចំពោះការឆ្លើយតបចំពោះគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ដោយមានចំនួនអ្នកស្លាប់ច្រើនមិនធ្លាប់មាន។
ព្រះមហាក្សត្រនិងអគ្គមហេសី បានយាងទៅដល់ក្រោយពេលថ្ងៃត្រង់នៅមជ្ឈមណ្ឌលវិបត្តិ ក្នុងទីក្រុង Paiporta ខណៈលោក Sanchez ហៅថាជាទឹកជំនន់បណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុតទីពីរនៅអឺរ៉ុប ក្នុងសតវត្សរ៍នេះ។