ការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០២៤ នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈសល់មិនដល់មួយថ្ងៃទៀតទេ ការបោះឆ្នោតដ៏សំខាន់បំផុតមួយនៅថ្ងៃទី៥ខែវិច្ឆិកា នឹងចូលមកដល់។ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់សហរដ្ឋអាមេរិក នឹងកើតឡើង។
អនុប្រធានាធិបតីលោកស្រី Kamala Harris នឹងក្លាយជាស្ត្រីដំបូងគេដែលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក ប្រសិនបើលោកស្រីអាចមានសំណាងឈ្នះការបោះឆ្នោតនោះ។

លោកDonald Trump នឹងក្លាយជាប្រធានាធិបតីទី២ ក្នុងប្រវត្តិសាស្ត្រដែលឈ្នះអាណត្តិសេតវិមានមួយផ្សេងទៀត បន្ទាប់ពីចាញ់ការប៉ុនប៉ងលើកដំបូងក្នុងការជាប់ឆ្នោតឡើងវិញ ហើយនឹងធ្វើដូច្នេះបន្ទាប់ពីក្លាយជាអតីតប្រធានាធិបតីដំបូងដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌជាច្រើនករណី។
លោក Biden បានដកខ្លួនចេញពីការប្រកួតប្រជែងអាណត្តិថ្មីកាលពីចុងខែកក្កដា បន្ទាប់ពីមានសម្ពាធជាច្រើនសប្តាហ៍ពីគណបក្សរបស់លោក។ ភ្លាមៗនោះលោកបានគាំទ្រលោកស្រី Harris ស្ត្រីជនជាតិស្បែកខ្មៅ និងមានពូជពង្សអាស៊ីខាងត្បូងដំបូងគេដែលធ្វើជាអនុប្រធានាធិបតី ដើម្បីជំនួសតំណែងរបស់លោកនៅលើសន្លឹកឆ្នោតតំណាងបក្សប្រជាធិបតេយ្យ ហើយលោកស្រីបានអះអាងជាផ្លូវការនូវការតែងតាំងនេះបន្ទាប់ពីដំណើរការបោះឆ្នោតប្រតិភូតាមអ៊ីនធឺណិតកាលពីដើមខែសីហាឆ្នាំនេះ។
ដោយបង្ហាញវត្តមាននៅលើឆាកក្នុងទីក្រុង Chicago លោកស្រី Harris បាននិយាយថា ពួកគេទាំងអស់គ្នាកំពុងតតាំងដើម្បីអនាគតរបស់អាមេរិក នៅក្នុងសុន្ទរកថាទទទួលយកការតែងតាំងរបស់លោកស្រី។ចំណែកអតីតប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក លោកDonald Trump ប្រសិនបើលោកឈ្នះការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤នេះ លោកនឹងក្លាយជាអតីតប្រធានាធិបតីទីមួយចាប់តាំងពីប្រធានាធិបតីទី ២៤ លោកGrover Cleveland ក្នុងឆ្នាំ ១៨៩២ ដែលបានឈ្នះអាណត្តិទីពីរមិនជាប់គ្នា៕