លទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិកថ្ងៃទី០៥ វិច្ឆិកា រវាងបេក្ខភាពប្រធានាធិបតីទាំងពីរគឺលោក Donald Trump និងលោកស្រី Kamala Harris មានសារៈសំខាន់ចំពោះអនាគតរបស់អាមេរិក និងពិភពលោក ហើយរឹតតែសំខាន់ខ្លាំងទៀតនោះគឺសម្រាប់ទ្វីបអឺរ៉ុបទាំងមូល ដោយផ្ដោតលើចំណុចសំខាន់បី គឺការដំឡើងពន្ធ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងវិស័យការពារជាតិ។

ទ្វីបដ៏ចំណាស់មួយនេះបានមកពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក សម្រាប់ការធានាពាណិជ្ជកម្ម និងការពារជាតិ ហើយការបោះឆ្នោតនេះបង្កើនហានិភ័យខ្លាំងសម្រាប់ប្លុកទៅលើថាអ្នកណាជាមេដឹកនាំបន្ទាប់ ខណៈអឺរ៉ុបកំពុងជួបនឹងការប្រែប្រួលសេដ្ឋកិច្ច ការប្រកួតប្រជែងធ្លាក់ចុះ កំណើនស្តាំនិយមជ្រុល និងបញ្ហាសន្តិសុខ ដោយសារតែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

លោក Trump មិនបានលាក់បាំងនូវមហិច្ឆតារបស់ខ្លួនក្នុងការបន្ថែមពន្ធលើពាណិជ្ជកម្មអ៊ឺរ៉ុបនោះទេ រួមទាំងព្រមានពីការរឹតបន្តឹងវិស័យការពារជាតិលើសម្ព័ន្ធយោធា ណាតូ ប្រសិនបើសមាជិកមិនចំណាយគ្រប់គ្រាន់។ លោកស្រី Harris ថ្វីត្បិតតែមានទំនោរការពារណាតូ ប៉ុន្តែក៏អាចដាក់សម្ពាធបន្ថែមទៀតលើអឺរ៉ុបដើម្បីរុញច្រានប្លុកចេញពីប្រទេសចិន។

ក្រុមអ្នកជំនាញព្រមានថា ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងពិភពលោក នឹងនាំឱ្យមានលទ្ធផលនឹងស្មានមិនដល់ ហើយអ្នករងគ្រោះគឺជាប្រជាជន។ អ្នកជំនាញសង្កត់ធ្ងន់ថា ទាំងលោក Trump និងលោកស្រី Harris ទំនងជានឹងដំឡើងពន្ធលើចិន ដោយបង្ខំឱ្យប្រទេសមហាអំណាចអាស៊ីមួយនេះបោះបង់ការនាំចេញកាន់តែច្រើននៅអឺរ៉ុប និងបង្កើនហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំ។
ភូមិសាស្ត្រនយោបាយគឺជាផ្នែកសំខាន់មួយទៀត ដែលវិធីសាស្រ្តខុសគ្នារបស់បេក្ខជនទាំងពីរអាចប៉ះពាល់យ៉ាងខ្លាំងដល់អឺរ៉ុប៕