ពាក្យចចាមអារ៉ាម ការចោទប្រកាន់មិនពិត និងការភូតកុហកទាំងស្រុងអំពីការបោះឆ្នោតសហរដ្ឋអាមេរិក និងការក្លែងបន្លំ កំពុងរីករាលដាលយ៉ាងលើសលប់ពាសពេញគេហទំព័រអនឡាញ នៅមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ថ្ងៃ០៥ វិច្ឆិកា។

ការបង្ហោះរាប់រយករណីពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតកំពុងត្រូវបានប្រមូល និងផ្សព្វផ្សាយដោយបុគ្គល ក៏ដូចជាក្រុមឯករាជ្យ និងអ្នកមានទំនាក់ទំនងជាមួយបក្សសាធារណរដ្ឋ ហើយព័ត៌មានមិនពិតមួយចំនួនតូចក៏មកពីខាងបក្សប្រជាធិបតេយ្យផងដែរ។
រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់ថា តួអង្គបរទេសមួយចំនួនរួមទាំងរុស្ស៊ី កំពុងផ្សព្វផ្សាយវីដេអូក្លែងក្លាយដើម្បីបង្ខូចទំនុកចិត្តក្នុងដំណើរការបោះឆ្នោត។

រលកនៃព័ត៌មានមិនពិតដែលរីករាលដាលតាមប្រព័ន្ធអ៊ីនធឺណិតទាំងនេះ បង្កភាពច្របូកច្របល់ និងបញ្ហាប្រឈមដល់មន្ត្រីរៀបចំការបោះឆ្នោត ដែលត្រូវប្រឹងប្រែងលុបចោលពាក្យចចាមអារ៉ាម និងធានាទំនុកចិត្តអ្នកបោះឆ្នោតឡើងវិញ ខណៈកំពុងរៀបចំមើលការខុសត្រូវក្នុងថ្ងៃបោះឆ្នោតនៅថ្ងៃអង្គារ ០៥ វិច្ឆិកា ស្អែកនេះ។

ការចោទប្រកាន់រាប់រយករណីនៃការក្លែងបន្លំក្នុងការបោះឆ្នោតត្រូវបានរកឃើញតាមអ៊ីនធឺណិត តាមបណ្ដាញសង្គម និងលើកម្មវិធីផ្ញើសារ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ហើយការបង្ហោះទាំងនេះ មានខ្លះទទួលបានអ្នកមើលរាប់លានដង៕