អនុប្រធានាធិបតី លោកស្រី Kamala Harris នាំមុខលើអតីតប្រធានាធិបតី លោក Donald Trump នៅក្នុងការស្ទង់មតិថ្នាក់ជាតិថ្មីចំនួនពីរដែលចេញកាលពីថ្ងៃអាទិត្យ (០៣ វិច្ឆិកា) ប៉ុន្តែការស្ទង់មតិចំនួនបីផ្សេងទៀត បង្ហាញពីការប្រកួតប្រជែងស្ទើរតែស្មើគ្នាក្នុងរដ្ឋប្រទាញប្រទង់ទាំងប្រាំពីរ ដែលលទ្ធផលមិនអាចទាយទុកជាមុនបាន នៅមុនការបោះឆ្នោត ០៥ វិច្ឆិកា។

លោកស្រី Harris នាំមុខ ២ពិន្ទុគឺ ៤៩% ទល់នឹង ៤៧% របស់លោក Trump នៅក្នុងការស្ទង់មតិ Morning Consult នៃអ្នកបោះឆ្នោតនៅថ្ងៃអាទិត្យ ហើយអនុប្រធានាធិបតីរូបនេះក៏មាននប្រៀប ៣ពិន្ទុក្នុងតួលេខ ៤៩% ទល់នឹង ៤៦% នៅក្នុងការស្ទង់មតិ ABC/Ipsos។
ទន្ទឹមនឹងនេះ ការស្ទង់មតិរបស់ NBC News និង Emerson College ដែលចេញកាលពីថ្ងៃអាទិត្យដូចគ្នានេះបង្ហាញថា បេក្ខជនទាំងពីរទទួលបានការគាំទ្រស្មើគ្នាក្នុងតួលេខ ៤៩% ហើយការស្ទង់មតិរបស់ Yahoo News/YouGov ក៏បង្កើតភាពជាប់គាំង ៤៧% ទល់នឹង ៤៧% ផងដែរ។
នៅក្នុងការស្ទង់មតិ CNBC ដែលបានចេញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបង្ហាញថា លោក Trump នាំមុខ ២ពិន្ទុក្នុងតួលេខ ៤៨% ទល់នឹង ៤៦% លើលោកស្រី Harris ហើយនៅក្នុងរដ្ឋប្រទាញប្រទង់ជាច្រើន អតីតប្រធានាធិបតីរូបនេះក៏ហាក់មានសន្ទុះគួរឱ្យកត់សម្គាល់ ប៉ុន្តែលទ្ធផលទាំងនេះមិនតំណាងឱ្យអ្នកឈ្នះពិតប្រាកដនោះទេ៕