មន្ត្រីសន្តិសុខប្រទេសម៉ុលដាវីម្នាក់ កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់រុស្ស៊ី ពី «ការជ្រៀតជ្រែកយ៉ាងខ្លាំង» ខណៈអ្នកបោះឆ្នោតបានទៅបោះឆ្នោតរបស់ពួកគេនៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីដ៏តឹងតែងមួយ។

វាជាការបោះឆ្នោតជុំទី២ ដែលអាចមើលឃើញថាទីក្រុងមូស្គូ ច្បាមយកឥទ្ធិពលនៅក្នុងប្រទេសដែលខិតទៅកាន់តែជិតសហភាពអឺរ៉ុប។
លោកស្រី Maia Sandu ដែលកំពុងកាន់តំណែងគាំទ្រប្រទេសលោកខាងលិច បាននិយាយអំពីការការពារអធិបតេយ្យភាពរបស់ប្រទេសបន្ទាប់ពីការបោះឆ្នោតនៅរដ្ឋធានី Chisinau ។ លោកស្រីនិយាយថា «ចោរមានបំណងទិញសំឡេងរបស់យើង ទិញប្រទេសរបស់យើង។ ប៉ុន្តែអំណាចរបស់ប្រជាជន គឺធំជាងអំណាចនៃអំពើអាក្រក់នេះ»។

គូប្រជែងដែលគាំទ្រទីក្រុងមូស្គូរបស់លោកស្រី គឺ លោក Alexandr Stoianoglo បាននិយាយថាលោកបានបោះឆ្នោតឱ្យប្រទេសម៉ុលដាវី ដែលនឹងបង្កើតទំនាក់ទំនងល្អជាមួយទាំងប្រទេសលោកខាងលិចនិងបូព៌ា។ ក្រុងប្រ៊ុចសែល កំពុងឃ្លាំមើលការបោះឆ្នោតយ៉ាងដិតដល់ បន្ទាប់ពីលោកស្រី Sandu បានកំណត់ប្រទេសម៉ុលដាវី នៅលើផ្លូវដ៏វែងឆ្ងាយនៃកិច្ចពិភាក្សាស្តីពីដំណើរការចូលជាសមាជិកសហភាពអឺរ៉ុប កាលពីខែមិថុនា។
វាបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសហ្សកហ្ស៊ី ដែលជាអតីតរដ្ឋសហភាពសូវៀតមួយផ្សេងទៀតដែលកំពុងស្វែងរកសមាជិកភាពក្នុងសហភាពអឺរ៉ុប បានបោះឆ្នោតឡើងវិញឲ្យគណបក្សកាន់អំណាច ដែលត្រូវបានចាត់ទុកនៅប្រទេសលោកខាងលិចថា ជាអ្នកគាំទ្ររុស្ស៊ីកាន់តែខ្លាំងឡើង។
កាលពីថ្ងៃអាទិត្យ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកស្រី Sandu លោក Stanislav Secrieru បានសរសេរនៅលើបណ្តា្ផ្សព្វផ្សាយសង្គម ដោយចោទប្រកាន់ទីក្រុងមូស្គូថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោត។ ដោយបានព្រមានថា វាគឺជា «កិច្ចខិតខំប្រឹងប្រែងមួយមានសក្តានុពលខ្ពស់ក្នុងការបង្ខូចទ្រង់ទ្រាយលទ្ធផល»។