ភ្នំពេញ៖ អ្នកជំនាញទេសចរណ៍និងធ្វើការងារលើវិស័យទេសចរណ៍រួមគ្នាចុះដាំដើមឈើតាមសាលារៀន និងរើសសំរាមនៅតាមទីសាធារណៈក្នុងគោលបំណងជួយការពារជួយលើកស្ទួយបរិស្ថាន និងផ្ដល់ជាគំរូដល់ប្រជាពលរដ្ឋនិងកុមារអោយស្រលាញ់បរិស្ថាន។
ការចុះដាំដើមឈើ និងរើសសំរាមនេះ ធ្វើឡើងនៅថ្ងៃទី ២៥–២៦ ឧសភា ឆ្នាំ២០១៩ ដឹកនាំដោយ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុនទេសចរណ៍ World Express រួមទាំងបុគ្គលិករបស់ខ្លួនជាច្រើននាក់ទៀតចុះដាំដើមឈើ នៅទីតាំងសាលារៀន ក្នុងខេត្តកណ្ដាល និងនៅខេត្តកំពង់ស្ពឺ និងមានការចុះរើសសំរាម នៅតាមទីផ្សារសាធារណៈក្នុងខេត្តកំពង់ស្ពឺ ហើយបន្តរើសសំរាមនៅទីតាំងរមណីយដ្ឋានឧទ្យានជាតិគីរីរម្យផងដែរ។
លោក ហូ វណ្ឌី បញ្ជាក់ថា ការរៀបចំអោយមានសកម្មភាពសង្គមនេះ ទោះបីពុំអាចជួយសម្អាតបានច្រើននោះក្ដី តែវាជាផ្នែកមួយជួយ បណ្ដុះគំនិតអោយកុមារ និងពលរដ្ឋចេះស្រលាញ់បរិស្ថាន រួមគ្នាសំអាតបរិស្ថាន ដើម្បីផលប្រយោជន៍រួម។ លោកបន្តថា ការលើកស្ទួយបរិស្ថាន អនាម័យនេះ ជារឿងទាមទារអោយមានការចូលរួមពីបុគ្គលគ្រប់រូប ដោយចាប់ផ្ដើមពីខ្លួនឯង ដើម្បីសោភ័ណ្ឌភាព ផាសុខភាព ក៏ដូចជាលើកស្ទួយក្នុងវិស័យទេសចរណ៍។
សម្រាប់ការបំពេញការងារសង្គមបែបនេះ ក៏ទទួលបានការសាទរពី ពលរដ្ឋដែលមកកំសាន្តនៅរមណីយដ្ឋានឧទ្យានជាតិគីរីរម្យ។ ពួកគាត់លើកឡើងថា ការធ្វើបែបនេះជារឿងប្រសើរ ជាគំរូដល់អ្នកមកកំសាន្តចេះ រក្សាទុកសំរាមរបស់ខ្លួនបានត្រឹមត្រូវ។
បន្ទាប់ពីការធ្វើការងារសង្គមនេះ លោក ហូ វណ្ឌី ក៏បានឧបត្ថម្ភសម្ភារៈ និងភេសជ្ជៈមួយចំនួន ដល់សាលារៀន ដូង នៅគីរីរម្យ ដោយការផ្ដល់ជូននេះ ជាការលើកទឹកចិត្តដល់ការបង្កើតសាលា ផ្ដល់ការអប់រំដល់កុមារដោយមិនគិតថ្លៃ ថែមទាំងបណ្ដុះគំនិតស្រលាញ់បរិស្ថាន ចែថែទាំ និងកែឆ្នៃសំរាមធ្វើជារបស់ប្រើប្រាស់ផ្សេងៗ៕