ភ្នំពេញ៖ ដោយមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា លោកជំទាវ កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងក្រុមការងារ បានដង្ហែរអង្គកឋិនទាន ទៅកាន់វត្តយុគន្ធរ ហៅវត្តឆ្នុកទ្រូ ឃំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង តាមប្រពៃណីសាសនា ដើម្បីបន្តកសាងនូវសមិទ្ធផលនានានៅក្នុងវត្តនេះ។
ក្នុងឱកាសនោះ លោកជំទាវ បាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនប្រគេន ព្រះសង្ឃដែលគង់ក្នុងវត្តនេះ និងបានប្រគេនបច្ច័យសម្រាប់កសាងវត្តដែលបានប្រមូលពីពុទ្ធបរស័ទចូលរួមជិតមួយម៉ឺនដុល្លារ។
សូមបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។
ក្នុងវត្តមួយ បើការចាំវស្សា គ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនចូលដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរហើយដែលបានចាំវស្សាអស់៣ខែ បានត្រឹមត្រូវទើបអាចហែកឋិនចូលបាន ៕
