ភ្នំពេញ ៖ តាមការកំណត់ នៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០២០នេះ កម្មករ និយោជិតនៅតាមបណ្តារោងចក្រនានាទូទាំងប្រទេសបានត្រឡប់ចូលបំពេញការងារវិញ ក្រោយឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ក្នុងនោះកត់សម្គាល់ឃើញថា ក្រុមកម្មករទាំងនោះមានទឹកមុខសប្បាយរីករាយ និងនៅតែប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ផងដែរ ខណៈជំងឺកូវីដ១៩ មិនទាន់អវត្តមាន។
កំពុងធ្វើដំណើរទៅកាន់ទីកន្លែងការងាររៀងៗខ្លួន ក្រុមកម្មការិនី ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា បន្ទាប់ពីឈប់សម្រាកអស់រយះពេលជាច្រើនកន្លងមកនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនពីការជួបជុំ រវាងក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្ដិ។
ក្រុមកម្មការិនីទាំងនេះ បានលើកឡើងស្រដៀងគ្នាទៀតថា សម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ធៀបនឹងឆ្នាំកន្លងៗទៅ សកម្មភាពជួបជុំគ្នានៅតាមផ្ទះ ក៏ដូចជា តាមទីវត្តអារាម នៅតែដូចដើម ពោលគឺមានភាពភាពអ៊ូអរនិងសប្បាយរីករាយ ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី។
ជាមួយគ្នានេះ ក្រុមកម្មការិនីទាំងនោះ បានអំពាវនាវដល់កម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ និងគោរពតាមការណែនាំរបស់រដ្ឋាភិបាល ជៀសវាងកើតមានជំងឺឆ្លងកូវីដ១៩៕



