ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រួមមានជាមួយធនាគារកាណាឌីយ៉ា មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC)។

នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ការអភិវឌ្ឍផ្នែកកម្លាំងពលកម្ម អក្ខរកម្មហិរញ្ញវត្ថុ និងការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់កម្មករនិយោជិត និងសហគ្រិនកម្ពុជា។ ជាពិសេស ការសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែង ដោយផ្តោតលើសសរស្តម្ភសំខាន់ចំនួន៣ គឺការបណ្តុះបណ្តាលជំនាញ ការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការទទួលបានការថែទាំសុខភាព។ ឯកឧត្តម គូសបញ្ជាក់ថា ភាពជាដៃជាមួយគ្នាក្នុងពេលនេះ គឺឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបម្រើដល់សហគមន៍តាមរយៈការចូលរួមលើកកម្ពស់សុខភាពសាធារណៈ រួមទាំងការបំពាក់បំប៉នទាំងជំនាញរឹង និងជំនាញទន់ដល់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាល នៃកាណាឌីយ៉ា គ្រុប បានលើកឡើងថា ឆ្នាំនេះជាខួបលើកទី៣៣ របស់ធនាគារកាណាឌីយ៉ា ដែលបានបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនទូទៅ ក៏ដូចជាស្ថាប័នរដ្ឋ និងឯកជនក្នុងភាពជាដៃគូ ដែលគួរជាទីទុកចិត្តបំផុត និងធានាបានការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានបន្តថា ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា បានពង្រីកវិសាលភាពសេវាកម្មធនាគារបែបឌីជីថល និងផលិតផលហិរញ្ញវត្ថុជាច្រើន តួយ៉ាងកិច្ចសហប្រតិបត្តិការនៅក្នុងថ្ងៃនេះ គឺជាការរួមចំណែកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ការអភិវឌ្ឍកម្លាំងពលកម្ម ដោយធនាគារនឹងផ្តល់ឱកាសជូនដល់កម្មករនិយោជិតសម្រាប់ការបណ្តុះ បណ្តាល និងការអភិវឌ្ឍន៍ជំនាញថ្មីៗ ដើម្បីជម្រុញភាពរឹងមាំនៃទីផ្សារការងារ ហើយពួកគាត់ក៏អាច ប្រើប្រាស់សេវាធនាគារដូចជា ប្រាក់សន្សំ ប្រាក់កម្ចី និងសេវាធនាគារចល័តផងដែរ។
លោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC បានលើកឡើងថា កិច្ចសហការគ្នាក្នុងថ្ងៃនេះ នឹងជួយបង្កើនសមត្ថភាពដល់កម្មករនិយោជិត ឲ្យមានភាពងាយស្រួលក្នុងការស្វែងរកឱកាសការងារ។ លោកស្រី សង្ឃឹមទៀតថា តាមរយៈការចុះហត្ថលេខានេះ នឹងរួមចំណែកជាមួយក្រសួងការងារ ក្នុងការលើកកម្ពស់ការអភិវឌ្ឍកម្លាំងពលកម្ម ក៏ដូចជាបង្កើនផលិតភាពការងាររបស់កម្មករនិយោជិត។
សូមបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រួមមានដូចជា៖ ១. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរពេទ្យ អ៊ីនធ័រឃែរ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់មន្រ្តី និងក្រុមគ្រួសារមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ស្តីពីការអភិវឌ្ឍកម្លាំងពលកម្ម និងការអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ និង៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធនាគារ កាណាឌីយ៉ា ក.អ ស្តីពីការអភិវឌ្ឍកម្លាំងពលកម្ម និងអក្ខរកម្មហិរញ្ញវត្ថុ៕








