ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយថា រុស្ស៊ី បានប្រើប្រាស់យានដ្រូន ជាង២.០០០គ្រឿង កាលពីខែតុលា ដើម្បីវាយប្រហារលើប្រទេសរបស់លោក។ លោក បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បង្កើនការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ដើម្បីទប់ស្កាត់ប្រទេសនេះពីការផលិតយានដ្រូន។

អាជ្ញាធរអ៊ុយក្រែន បាននិយាយថា កម្ទេចកម្ទីយានដ្រូនរបស់រុស្ស៊ីដែលត្រូវបានស្ទាក់ចាប់ បានធ្លាក់ក្នុងសង្កាត់ចំនួន៦នៃរដ្ឋធានីគីវ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ បណ្តាលឱ្យមានអគ្គិភ័យ និងធ្វើឲ្យបែកបង្អួចនៅឯអគារលំនៅឋានជាច្រើនកន្លែង។
លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា យានដ្រូន ត្រូវបានប្រើប្រាស់ប្រឆាំងអ៊ុយក្រែនជារៀងរាល់ថ្ងៃ នៅក្នុងខែតុលា។
អ្នកសង្កេតការណ៍មួយចំនួននិយាយថា យោធារុស្ស៊ីប្រហែលជាកំពុងស្វែងរកការដាក់សម្ពាធលើអ៊ុយក្រែនមិនឈប់ឈរជាមួយការវាយប្រហារដោយយានដ្រូន។
អ៊ុយក្រែន បាននឹងកំពុងស្នើសុំឱ្យប្រទេសលោកខាងលិច អនុញ្ញាតឱ្យខ្លួនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយបាញ់ចូលកាន់តែជ្រៅ ដើម្បីអោយទីក្រុងគីវ អាចវាយប្រហារមូលដ្ឋានយោធានៅក្នុងទឹកដីរុស្ស៊ី ដោយទប់ស្កាត់ការវាយប្រហារដោយយានដ្រូនរបស់ប្រទេសនេះ។