ទីភ្នាក់ងារនិយាយ កាលពីថ្ងៃអាទិត្យថា ការរុះរើទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដោយគ្មានជម្រើស បានដកហូតសិទ្ធរបស់កុមារប៉ាឡេស្ទីនពីឱកាសដើម្បីទទួលបានការសិក្សាអប់រំ។

លោក Philippe Lazzarini អគ្គស្នងការទីភ្នាក់ងារ UNRWA បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X.ថា ទីភ្នាក់ងារផ្តល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) កំពុងផ្តល់ការអប់រំដល់កុមារជាង៣០០.០០០នាក់នៅតំបន់ហ្កាហ្សា រហូតដល់ខែតុលា ឆ្នាំ២០២៣ ដែលពាក់កណ្តាលនៃកុមារដែលមានអាយុចូលរៀន បច្ចុប្បន្ននេះបានបាត់បង់ការសិក្សានៅឆ្នាំទី២របស់ពួកគេ។

លោក Lazzarini បាននិយាយថា មានកុមារប្រហែល ៥០.០០០នាក់នៅតំបន់ West Bank កំពុងសិក្សានៅសាលារៀនរបស់ទីភ្នាក់ងារ UNRWA ដោយកត់សម្គាល់ថាទីភ្នាក់ងារ UNRWA គឺជាទីភ្នាក់ងារអង្គការសហប្រជាជាតិតែមួយគត់ ដែលផ្តល់ការអប់រំដោយផ្ទាល់តាមរយៈសាលារៀនរបស់ទីភ្នាក់ងារនេះ។
លោកនិយាយថា សាលារៀនរបស់យើង គឺជាប្រព័ន្ធអប់រំតែមួយគត់នៅក្នុងតំបន់ ដែលរួមបញ្ចូលកម្មវិធីសិទ្ធិមនុស្ស និងធ្វើតាមស្តង់ដារ និងតម្លៃរបស់អង្គការសហប្រជាជាតិ។ បើគ្មានការសិក្សាអប់រំទេ កុមារ នឹងជួបភាពអស់សង្ឃឹម ភាពក្រីក្រ និងជ្រុលនិយម។