ប្រជាជនអ៊ីរ៉ង់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យ (០៣ វិច្ឆិកា) នៅឯបរិវេណអតីតស្ថានទូតអាមេរិក ដោយស្រែកពាក្យតវ៉ាប្រឆាំងនឹងការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា អនុត្តរភាពរបស់ខ្លួន និងអំពើហិង្សារបស់អ៊ីស្រាអែល។

បាតុកម្មនេះគឺដើម្បីប្រារព្ធខួបលើកទី៤៥ នៃការចូលកាន់កាប់លើអតីតស្ថានទូតអាមេរិកក្នុងទីក្រុងតេអេរ៉ង់ និង "ទិវាជាតិនៃការប្រយុទ្ធប្រឆាំងនឹងភាពក្រអឺតក្រទមជាសកល" ដែលត្រូវបានគេស្គាល់ថាជា "ទិវានិស្សិតជាតិ"។
ក្រុមបាតុករបាននិយាយថា ជាមួយនឹងការគាំទ្រ និងការបញ្ចុះបញ្ចូលរបស់អាមេរិក អ៊ីស្រាអែលនៅតែបន្តបង្ករឿងដល់ប្រទេសផ្សេងទៀត ដែលបណ្តាលឱ្យភាពតានតឹងក្នុងតំបន់កើនឡើង។ ពួកគេបន្ថែមថា អ៊ីរ៉ង់នឹងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ជាតិរបស់ខ្លួន ហើយមិនខ្លាចការគំរាមកំហែងរបស់អាមេរិក និងអ៊ីស្រាអែលឡើយ។

ប៉ុន្មានខែបន្ទាប់ពីជ័យជំនះនៃបដិវត្តអ៊ិស្លាមអ៊ីរ៉ង់ក្នុងខែកុម្ភៈ ឆ្នាំ១៩៧៩ និស្សិតសាកលវិទ្យាល័យអ៊ីរ៉ង់ បានចូលកាន់កាប់អគារស្ថានទូតអាមេរិក ដោយនិយាយផ្អែកលើឯកសារដែលបានរកឃើញនៅក្នុងនោះថា ស្ថានទូតនេះគ្រោងផ្តួលរំលំសាធារណរដ្ឋអ៊ិស្លាម និងបម្រើជាមូលដ្ឋានចារកម្មឱ្យរដ្ឋាភិបាលអាមេរិក៕