នៅក្នុងការរំពឹងទុកពីភាពចលាចលស៊ីវិលដែលអាចកើតមានជុំវិញការបោះឆ្នោតប្រធានាធិបតីថ្ងៃអង្គារ ០៥ វិច្ឆិកា នៅសហរដ្ឋអាមេរិក ឆ្មាំជាតិជាច្រើនត្រូវបានដាក់ពង្រាយឱ្យរង់ចាំប្រតិបត្តិការនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន រួមទាំងរដ្ឋធានី វ៉ាស៊ីនតោន (Washington) និងរដ្ឋអូហ្គិន (Oregon)។

ការរឹតបន្តឹងសន្តិសុខនេះកើតឡើងបន្ទាប់ពីប្រអប់សន្លឹកឆ្នោតយ៉ាងតិចចំនួន៣ ត្រូវបានដុតបំផ្លាញ ដែលនាំឱ្យមានការខូចខាតសន្លឹកឆ្នោតរាប់រយសន្លឹក។ សន្លឹកឆ្នោតដែលខូចខាតភាគច្រើនស្ថិតនៅក្នុងប្រអប់ឆ្នោតក្នុងទីក្រុង Vancouver នៃរដ្ឋ វ៉ាស៊ីនតោន ខណៈសន្លឹកឆ្នោតជាច្រើននៅទីក្រុង Portland នៃរដ្ឋ Oregon បានរួចផុតពីអគ្គិភ័យនៅថ្ងៃដដែលនោះ។

អភិបាលរដ្ឋ វ៉ាស៊ីនតោន លោក ជេ អ៊ីនស្លី (Jay Inslee) បានថ្លែងសុន្ទរកថាជុំវិញបញ្ហានោះ ដោយបញ្ជាក់ពីការត្រៀមខ្លួនរបស់ឆ្មាំជាតិ និងសង្កត់ធ្ងន់ថា "តំបន់ភាគនិរតីនៃរដ្ឋវ៉ាស៊ីនតោន បានជួបប្រទះករណីជាក់លាក់នៃចលាចលទាក់ទងនឹងការបោះឆ្នោតរួចទៅហើយ"។
លោក Inslee មិនបានបញ្ជាក់ពីចំនួនទាហានដែលត្រូវបានដាក់ពង្រាយទេ ប៉ុន្តែបាននិយាយថា កងកម្លាំងទាំងនោះនឹងជួយដល់សមត្ថកិច្ចក្នុងតំបន់ចាប់ពីថ្ងៃចន្ទ (០៤ វិច្ឆិកា) ដល់ថ្ងៃព្រហស្បតិ៍ (០៧ វិច្ឆិកា)។ ក្រសួងសន្តិសុខមាតុភូមិក៏បានចេញការព្រមានពីការគំរាមកំហែងជាបន្តបន្ទាប់ចំពោះទីតាំងបោះឆ្នោតផងដែរ៕
