ទីផ្សារភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក បានកើនឡើងនៅថ្ងៃចន្ទ (០៤ វិច្ឆិកា) នេះ ខណៈអ្នកវិនិយោគបានត្រៀមខ្លួនសម្រាប់សប្តាហ៍ដ៏មមាញឹក ដែលរួមមានការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក និងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល។

វិនិយោគិនក៏នឹងតាមដានយ៉ាងដិតដល់នូវកិច្ចប្រជុំសភារបស់ប្រទេសចិនផងដែរ ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។ ភាគហ៊ុននៅអាមេរិក បានធ្លាក់ចុះទាបក្នុងការជួញដូរពេញមួយយប់ថ្ងៃអាទិត្យ ខណៈផ្សារហ៊ុន វ៉ល ស្រ្ទីត (Wall Street) កំពុងច្របូកច្របល់លើភាពមិនច្បាស់ក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអង្គារ ០៥ វិច្ឆិកា។

រូបិយប័ណ្ណអាស៊ីភាគច្រើនបានឡើងថ្លៃនៅថ្ងៃចន្ទ ខណៈប្រាក់ដុល្លារបានហក់ឡើងបន្តិចនៅដើមសប្តាហ៍ ប៉ុន្តែក៏អាចនឹងធ្លាក់ទាបវិញ ដោយសារការគ្របដណ្ដប់ទៅដោយការរំពឹងទុកផ្សេងគ្នាក្នុងការបោះឆ្នោតដ៏តានតឹងមួយនេះ រួមទាំងក្ដីបារម្ភផ្នែកសេដ្ឋកិច្ច និងទិន្នន័យអតិផរណាពីបណ្តាប្រទេសអាស៊ី៕
