អ្នកជំនាញអង្គការសហប្រជាជាតិ បាននិយាយថា ក្រុមជីវពលហ៊ួទីនៅប្រទេសយេម៉ែន បានបំពាក់អាវុធដល់ក្រុមសកម្មប្រយុទ្ធអាល់កៃដា បានផ្តល់ជម្រកដល់ពួកគេ និងសម្របសម្រួលការវាយប្រហារលើតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលយេម៉ែន ។ ក្រុមហ៊ួទី ក៏រកប្រាក់បានរាប់លានដុល្លារ តាមរយៈការលួច ប្លន់ទ្រព្យសម្បត្តិតាមសមុទ្រ។

ដោយបង្ហាញពីភាពជាដៃគូដ៏ចម្លែករវាងក្រុមហ៊ួទី និងក្រុមអាល់កៃដា និងក្រុមភេរវករផ្សេងទៀត រួមទាំងក្រុម Al-Shabaab នៅក្នុងប្រទេសសូម៉ាលី ក្រុមប្រឹក្សាអ្នកជំនាញUN ទទួលបន្ទុកប្រទេសយេម៉ែន បាននិយាយនៅក្នុងរបាយការណ៍របស់ពួកគេថា ក្រុមហ៊ួទី និង ក្រុមអាល់កៃដា បានព្រមព្រៀងគ្នា ដើម្បីទុកភាពខ្វែងគំនិតរបស់ពួកគេដោយឡែក ហើយផ្តោតលើការធ្វើឲ្យរដ្ឋាភិបាលយេម៉ែនចុះខ្សោយ ដោយការផ្ទេរអាវុធ សម្របសម្រួលការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលយេម៉ែន សហការរត់ពន្ធអាវុធ ចូលទៅក្នុងប្រទេសយេម៉ែន ចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងផ្តល់ជម្រកដល់ជនសកម្មប្រយុទ្ធរបស់ ភាគីម្ខាងទៀត។
របាយការណ៍ បាននិយាយថា៖«សម្ព័ន្ធភាពឱកាសនិយមនោះ ត្រូវបានកំណត់លក្ខណៈដោយកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកសន្តិសុខ និងចារកម្ម ដោយផ្តល់នូវទីជម្រកសុវត្ថិភាពសម្រាប់សមាជិករបស់ពួកគេ ទៅវិញទៅមក ការពង្រឹងបន្ទាយរៀងៗខ្លួន និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់គោលដៅកងកម្លាំងរបស់រដ្ឋាភិបាល» ដោយបន្ថែមថា ក្រុមហ៊ួទី ក៏បានដោះលែងអ្នកប្រយុទ្ធអាល់កៃដាដែលកំពុងជាប់ឃុំផងដែរ ដោយសារពួកគេត្រូវបានកាត់ទោសពីបទភេរវកម្ម និងផ្តល់ឲ្យក្រុមអាល់កៃដា នូវយាន ដ្រូន និងគ្រាប់រ៉ូកែតយ៉ាងច្រើន។