គេហទំព័រសារព័ត៌មាន Axios រាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden) បានព្រមានអ៊ីរ៉ង់ប្រឆាំងនឹងការវាយប្រហារថ្មីលើអ៊ីស្រាអែល ហើយបាននិយាយថា សហរដ្ឋអាមេរិក នឹងមិនអាចរារាំងអ៊ីស្រាអែលបានទេ។

មន្ត្រីអាមេរិកម្នាក់ បានប្រាប់គេហទំព័រព័ត៌មាននេះថា៖«យើងនឹងមិនអាចឃាត់អ៊ីស្រាអែលបានទេ ហើយយើងនឹងមិនអាចធ្វើឲ្យប្រាកដថា ការវាយប្រហារលើកក្រោយ នឹងត្រូវបានក្រិតតាមខ្នាត និងកំណត់គោលដៅដូចកាលពីលើកមុន»។
មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថា សារនោះ ត្រូវបានបញ្ជូនពីក្រុងវ៉ាស៊ីនតោនទៅទីក្រុងតេអេរ៉ង់តាម រយៈប្រទេសស្វ៊ីស។
អ៊ីស្រាអែល អាចឆ្លើយតបបាន បើទោះជាការវាយប្រហាររបស់អ៊ីរ៉ង់ ចេញពីទឹកដីអ៊ីរ៉ាក់ក៏ដោយ។

មន្ត្រីអ៊ីស្រាអែលម្នាក់ បានប្រាប់គេហទំព័រ Axios ថា៖«វានឹងអាស្រ័យលើការវាយប្រហារដ៏ធំប៉ុនណា និងលទ្ធផលរបស់វាយ៉ាងណានោះ»។
យោងតាមរបាយការណ៍បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៥ ខែតុលា បានកើតឡើង បន្ទាប់ពីការពិគ្រោះយោបល់ជាច្រើនសប្តាហ៍ជាមួយសហរដ្ឋអាមេរិកអំពីប្រភេទគោលដៅដែលត្រូវវាយប្រហារ។
សេតវិមានបានបដិសេធមិនធ្វើកាតអត្ថាធិប្បាយទេ។ បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ មិនបានផ្តល់ការអធិប្បាយភ្លាមៗទេ។
ដោយដកស្រង់ប្រភពស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល គេហទំព័រ Axios បានរាយការណ៍កាលពីថ្ងៃ ទី ៣១ ខែតុលា ថា អ៊ីរ៉ង់កំពុងរៀបចំការវាយប្រហារដ៏ធំមួយប្រឆាំងនឹងអ៊ីស្រាអែល ពីទឹកដីអ៊ីរ៉ាក់ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី ០៥ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះ ដោយរដ្ឋជ្វីហ្វ។ យោងតាមរបាយការណ៍ ទីក្រុងតេអេរ៉ង់អាចប្រើប្រាស់យានដ្រូន និងមីស៊ីលបាលីស្ទីកជាច្រើនសម្រាប់ការវាយប្រហារនេះ។