ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងរៀបចំទទួលក្រុមអ្នកការទូតបរទេសមួយក្រុម ក្នុងសប្តាហ៍នេះ សម្រាប់សន្និសីទរួម និងកម្មវិធីផ្សេងទៀតជាមួយអង្គការសហប្រជាជាតិ ដើម្បីផ្តល់ព័ត៌មានលម្អិតដល់ពួកគេអំពីកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធរបស់កូរ៉េខាងត្បូង និងគោលនយោបាយរបស់ខ្លួនចំពោះកូរ៉េខាងជើង។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា សន្និសីទស្តីពីការរំសាយអាវុធកូរ៉េខាងត្បូង-UN រយៈពេល ២ថ្ងៃ ដែលដំណើរការរហូតដល់ថ្ងៃអង្គារ នឹងមានអ្នកការទូតចំនួន ២៥រូប មកពីអឺរ៉ុប អាមេរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលបច្ចុប្បន្នកំពុងចូលរួមក្នុងការទូតរំសាយអាវុធនេះ។
ពួកគេនឹងចូលរួមក្នុងសន្និសិទមួយ និងកម្មវិធីផ្សេងៗ ដែលផ្តោតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនរបបមិនរីកសាយភាយ និងការរំសាយអាវុធជាសកល។
កូរ៉េខាងត្បូង នឹងប្រើប្រាស់សន្និសីទនេះ ដើម្បីបង្ហាញការរួមចំណែករបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធអន្តរជាតិ និងគោលនយោបាយរបស់ខ្លួនចំពោះកូរ៉េខាងជើង។
អ្នកចូលរួមទាំងអស់ ក៏នឹងទៅទស្សនកិច្ចតំបន់គ្មានយោធាដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរផងដែរ។
អង្គការសហប្រជាជាតិ បានរៀបចំកម្មវិធីរំសាយអាវុធសម្រាប់អ្នកការទូតវ័យក្មេង តាំងពីឆ្នាំ ១៩៧៨ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ជំនាញរបស់ពួកគេ ក្នុងបញ្ហារំសាយអាវុធ និងការមិនរីកសាយភាយអាវុធ។ កូរ៉េខាងត្បូង បានបង្កើតកម្មវិធីរួមរបស់ខ្លួនជាមួយអង្គការសហប្រជាជាតិលើកដំបូងក្នុងឆ្នាំ ២០១៦។