ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃចន្ទនេះថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ ដែលជាទស្សនកិច្ចលើកដំបូងរបស់លោកឧត្តមសេនីយ៍ជាន់ខ្ពស់រូបនេះ ទៅកាន់ប្រទេសជិតខាងដ៏មានឥទ្ធិពល ចាប់តាំងពីលោក បានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារ រួមទាំងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា-ចិន ជាមួយនឹងចលនាតស៊ូប្រដាប់អាវុធ រួមបញ្ចូលគ្នាជាមួយកងជីវពលជនជាតិភាគតិចដែលបានបង្កើតឡើង ដើម្បីដណ្តើមកាន់កាប់ទឹកដីដ៏ធំពីរដ្ឋាភិបាលយោធា។
ទូរទស្សន៍ MRTV បានរាយការណ៍ថា លោក លោក មីន អ៊ុងឡាំង នឹងចូលរួមកិច្ចប្រជុំកំពូលនៃមហាអនុតំបន់មេគង្គ និងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady- Chao Phraya-Mekong (ACMECS) និងចូលរួមកិច្ចប្រជុំជាមួយប្រទេសកម្ពុជា ឡាវ និងវៀតណាម ចាប់ពីថ្ងៃទី ៦-៧ ខែវិច្ឆិកា នៅទីក្រុងគុនមីង (Kunming) ប្រទេសចិន។
ទូរទស្សន៍ MRTV បានបន្តទៀតថា៖«លោក នឹងមានកិច្ចប្រជុំ និងការពិភាក្សាជាមួយអាជ្ញាធរមកពីប្រទេសចិន ហើយនឹងធ្វើការលើការពង្រឹងទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងវិស័យមួយចំនួន» ដោយនិយាយសំដៅដល់លោកប្រមុខរបបយោធា។