បាល់ទាត់៖ ក្រុម ស.ស.យ.ក ខេត្តបាត់ដំបងបានយកឈ្នះក្រុមបាល់ទាត់ខេត្តកណ្ដាលដោយលទ្ធផល ៧-១ ដើម្បីឡើងទៅជួបខេត្តត្បូងឃ្មុំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ បន្ទាប់ពីក្រុមជើងឯករងឆ្នាំចាស់នេះបានយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ២-០។

សម្រាប់ជំនួបវគ្គ ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន 7NG ក្រុម ស.ស.យ.ក ខេត្តបាត់ដំបងបានដាក់សម្ពាធខ្លាំងលើគូប្រកួតរហូតរកបាន ៧គ្រាប់ក្នុងនោះកីឡាករ ២រូបធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯងដូចគ្នាគឺកីឡាករ វុធ ដេវីត និង ថា គ្រីយ៉ា ខណៈ ១គ្រាប់ទៀតធ្វើសម្រេចដោយកីឡាករ ហាលីម រ៉គីប។ រីឯ ១គ្រាប់របស់ខេត្តកណ្ដាលរកបានដោយកីឡាករ ធឿន ដាវីត។ ចំណែកជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន AEU Sport Park វិញ កីឡាករ មីន សែតសេន បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្នំពេញហ្គាឡាក់ស៊ី ១គ្រាប់មុននៅវគ្គទី១ មុនកីឡាករ កើ ហ្វីន បន្ថែមគ្រាប់ទី២ ឲ្យខេត្តត្បូងឃ្មុំនៅនាទី៥៦ ដែលគ្រាប់ជ័យជម្នះរបស់អតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំ២០១៩ នេះតែម្ដង បន្ទាប់ពីភ្នំពេញហ្គាឡាក់ស៊ីព្យាយាមវាយបកតែធ្វើមិនបានសម្រេច។

តាមរយៈជ័យជម្នះនេះបានធ្វើឲ្យក្រុម ស.ស.យ.ក ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំត្រូវដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្ដលាផ្ដាច់ព្រ័ត្រ ដោយគ្រោងជួបគ្នានាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះនៅកីឡដ្ឋាន 7NG ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត)។ ចាំមើលតើរវាងខេត្តបាត់ដំបង និងក្រុមជើងឯករងឆ្នាំចាស់ខេត្តត្បូងឃ្មុំ ក្រុមណាមួយនឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ?
អត្ថបទ៖ លី ឈុនឡា