យ៉ាងហោចណាស់មនុស្ស ១០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះជាច្រើនដងពេញមួយយប់ ដោយកម្រិតប្រកាសអាសន្នត្រូវបានដំឡើងដល់កម្រិតខ្ពស់បំផុតនៃប្រព័ន្ធបួនថ្នាក់។
ភ្នំ Lewotobi Laki-Laki ដែលមានទីតាំងនៅលើកោះទេសចរណ៍ដ៏ពេញនិយម Flores បានបញ្ចេញផេះ និងកម្អែលភ្នំភ្លើងដែលមានពាសពេញតំបន់ជុំវិញដោយសំណុំភ្លើង ដោយជំរុញឲ្យអាជ្ញាធរជម្លៀសមនុស្សចេញពីភូមិជាច្រើន។
លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស បានប្រាប់ទូរទស្សន៍ Kompas ថា៖ «មនុស្សចំនួន ១០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់»។
វីដេអូដែលសារព័ត៌មាន AFP ទទួលបាន បានបង្ហាញឲ្យឃើញពីភូមិនានា នៅក្បែរភ្នំភ្លើងគ្របដណ្តប់ដោយផេះដ៏ក្រាស់ ដោយតំបន់ខ្លះមានអណ្ដាតភ្លើងឆាបឆេះ។ អ្នកសារព័ត៌មាន AFP នៅក្បែរភ្នំភ្លើងនោះ បាននិយាយថា ភូមិចំនួន៥ ត្រូវបានជម្លៀសចេញ។
ទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសនេះ បានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ហើយប្រាប់អ្នកស្រុក និងអ្នកទេសចរកុំឲ្យធ្វើសកម្មភាព ក្នុងរង្វង់ចម្ងាយ ៧គីឡូម៉ែត្រពីមាត់ភ្នំភ្លើង៕