កសិដ្ឋានរបស់ Ahmed Othman បានរួចផុតពីការប្រយុទ្ធគ្នាដ៏សាហាវ ដែលបានរីករាលដាលពាសពេញប្រទេសស៊ូដង់ ប៉ុន្តែចំនួនការខូចខាតដោយសង្រ្គាមលើសេដ្ឋកិច្ច និងទីផ្សារការងារ នៅតែប៉ះពាល់ ដល់ គាត់។
គាត់បានប្រាប់សារព័ត៌មាន AFP ពីចម្ការល្ងដ៏ធំរបស់ខ្លួននៅរដ្ឋ Gedaref ភាគខាងកើតប្រទេសស៊ូដង់ថា ៖«ខ្ញុំត្រូវលក់រថយន្តពីរគ្រឿង ដើម្បីមានលទ្ធភាពប្រមូលផលដំណាំ ក្នុងរដូវកាលនេះ។
សង្រ្គាមរយៈពេលកន្លះឆ្នាំនៅប្រទេសស៊ូដង់ រវាងកងទ័ព និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) បានបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយ នៅក្នុងពិភពលោក និងការប្រមូលផលត្រូវរងការបំផ្លិចបំផ្លាញ។
កាលពីខែមុន អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានចោទប្រកាន់ភាគីជម្លោះថា បានប្រើប្រាស់ «យុទ្ធសាស្ត្របង្អត់អាហារ» ប្រឆាំងនឹងជនស៊ីវិល ២៥លាននាក់ ហើយអង្គការជំនួយធំៗចំនួនបី បានព្រមានអំពីវិបត្តិស្រេកឃ្លាន «ជាប្រវត្តិសាស្ត្រ» នៅពេលដែលគ្រួសារ ងាកទៅរកបរិភោគស្លឹកឈើ និងសត្វល្អិត។
កសិកររាប់រយនាក់ ត្រូវបានបណ្តេញចេញពីដីដែលធ្លាប់មានជីជាតិរបស់ពួកគេ ហើយអ្នកដែលបានព្យាយាមបន្តនៅតទៀត ប្រឈមនឹងការលំបាកកាន់តែខ្លាំង។