កងនាវាចរឥណ្ឌូនេស៊ី បានប្រាប់ឲ្យដឹងថា កងទ័ពជើងទឹកឥណ្ឌូនេស៊ី និងរុស្សី បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ខ្លួន នៅសមុទ្រជ្វា នាថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) ជាចំណាត់ការដែលអ្នកវិភាគនិយាយថា ជាការបង្ហាញពីឆន្ទៈរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងការធ្វើជាមិត្តជាមួយប្រទេសណាក៏បាន។
សមយុទ្ធរួមគ្នានេះធ្វើឡើងនៅពេលដែលប្រធានាធិបតីទើបចូលកាន់តំណែងថ្មីរបស់ឥណ្ឌូនេស៊ី លោក Prabowo Subianto សន្យាឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ីលើវិស័យការពារជាតិ ដែលជាកិច្ចប្រឹងប្រែងសាងនូវការប្រាស្រ័យទាក់ទងជាមួយប្រទេសណាមួយក៏បាន ពោលគឺជាផ្នែកនៃគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធដែលមានជាយូរមកហើយរបស់ប្រទេសលោក។
អ្នកនាំពាក្យកងទ័ពជើងទឹក លោក I Made Wira Hady Arsanta Wardhana នៅថ្ងៃចន្ទនេះ បាននិយាយថា សមយុទ្ធនឹងធ្វើឡើងនៅសមុទ្រជ្វា ក្បែរទីក្រុង Surabaya ភាគខាងកើតនៃរដ្ឋធានីហ្សាការតា របស់ឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីនាវាចម្បាំងរុស្ស៊ីចំនួន ៤គ្រឿង បានទៅដល់ទីតាំងនោះ កាលពីថ្ងៃអាទិត្យ (ទី៣ ខែវិច្ឆិកា)។
ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីអ្វីដែលសមយុទ្ធនេះមានពាក់ព័ន្ធជាមួយនោះ លោកនាំពាក្យរូបនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សមយុទ្ធរួមគ្នា គឺជាការធ្វើឲ្យប្រាកដប្រជានៃភាពជាដៃគូអន្តរជាតិ រវាងកងទ៏ពជើងទឹកឥណ្ឌូនេស៊ី និងទឹករុស្ស៊ីដែលមានភាពល្អប្រសើរទៅមុខជាលំដាប់»។
សេចក្តីថ្លែងការណ៍នេះបានដកស្រង់សម្តីតំណាងគណៈប្រតិភូរុស្ស៊ី ដែលនិយាយថា សមយុទ្ធនេះរៀបចំឡើង ដើម្បីឲ្យកងទ័ពជើងទឹកទាំង២ ផ្លាស់ប្តូរចំណេះដឹងគ្នា៕


