ពលរដ្ឋស៊ីរីជម្លៀសខ្លួននៅក្នុងទីក្រុងបេរូត កំពុងប្រឈមការលំបាកដ៏ខ្លាំងបំផុត ពេលដែលពួកគេជ្រកកោននៅតាមផ្លូវលើទីលានចតុរង្គ Martyrs របស់ទីក្រុងមួយនេះ ដោយពួកគេពិបាករស់រានក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ស្របពេលដែលសង្រ្គាមនៅតែបន្តក្នុងប្រទេសលីបង់ ។
ពលរដ្ឋភៀសខ្លួនទាំងអស់នេះ ដែលបានរត់ភៀសខ្លួនមកកាន់ប្រទេសលីបង់កាលពីរយៈពេល ១ទសវត្សរ៍មុន ដោយសារសង្រ្គាមនៅប្រទេសស៊ីរី កាលពីមុនធ្លាប់រស់នៅក្នុងទីក្រុងទ្រីប៉ូលី ប៉ុន្តែពួកគេបង្ខំចិត្តមករស់នៅតាមផ្លូវកាលពីរយៈពេល ១ខែមុន ។
បច្ចុប្បន្នពួកគេស៊ូទ្រាំអត់ធ្មត់នឹងអាកាសធាតុត្រជាក់ខ្លាំងនៅពេលយប់ ដោយគ្មានភួយដណ្តប់គ្រប់គ្រាន់ អនាម័យ ឬចំណីអាហារគ្រប់គ្រាន់ ។
លោក Abbass គឺជាពលរដ្ឋស៊ីរីជម្លៀសខ្លួនមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បើព្រះសព្វព្រះទ័យ ពួកយើងនឹងវិលត្រឡប់ទៅកាន់ដែនដីរបស់ពួកយើងវិញ ទៅកាន់តំបន់របស់ពួកយើងវិញដែលមានសន្តិភាព និងសេចក្តីល្អ ប្រសើរជាជាងរស់នៅតាមផ្លូវបែបនេះនៅទីនេះ ៕



