សេវាកម្មសង្រ្គោះសមុទ្រអេស្ប៉ាញ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សាកសពមនុស្ស ៥នាក់ ត្រូវបានគេប្រទះឃើញអណ្តែតនៅចម្ងាយប្រហែល ៩០គ.មពីតំបន់ឆ្នេរកោះ Lanzarote នៃប្រជុំកោះ Canary របស់អេស្ប៉ាញ ។
អ្នកនាំពាក្យម្នាក់ និយាយថា យន្តហោះជួយសង្រ្គោះ បានប្រទះឃើញទូកពោង ២គ្រឿងធ្វើដំណើរឆ្ពៅទៅកាន់ប្រជុំកោះ Canary ហើយក្នុងនោះទូកមួយគ្រឿង បានអស់ខ្យល់ ។
យន្តហោះជួយសង្រ្គោះ បានសង្រ្គោះ មនុស្ស ១៧នាក់ពីទូកមួយគ្រឿងនេះ ហើយនិងមនុស្ស ៨០នាក់ ពីទូកមួយគ្រឿងទៀត ប៉ុន្តែសាកសពមនុស្ស ៥នាក់ ត្រូវបានប្រទះឃើញ ។
ទីភ្នាក់ងាររដ្ឋ EFE និយាយថា សេវាកម្មជួយសង្រ្គោះ បានជួយសង្រ្គោះមនុស្សទាំងអស់ជាង ១.៥០០នាក់ កាលពីចុងសប្តាហ៍កន្លងទៅ ។
ពួកគេបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍យ៉ាងហោច ៤៨នាក់ បានស្លាប់ ពេលព្យាយាមទៅដល់ប្រជុំកោះ Canary នៅលើទូកមួយគ្រឿងដែលបានចាកចេញពីប្រទេសម៉ូរីតានី កាលពីរយៈពេល ៣សប្តាហ៍មុន ។
ពួកគេបន្តថា ជនអន្តោប្រវេសន៍ ១០នាក់ផ្សេងទៀត ពីទូកមួយគ្រឿងនេះ ត្រូវបានជួយសង្រ្គោះនៅជិតកោះ El Hierro កាលពីថ្ងៃសៅរ៍ ។
សមុទ្រស្ងប់មិនសូវមានខ្យល់បក់ខ្លាំងនាចុងរដូវក្តៅនៅក្នុងមហាសមុទ្រអាត្លង់ទិកជិតអាហ្វ្រិកខាងលិច បានជំរុញឲ្យមានការកញ្រ្ជោលឡើងរបស់ជនអន្តោប្រវេសន៍ ដែលព្យាយាមរត់គេចចេញពីភាពក្រីក្រខ្លាំង និងអស្ថិរភាពនយោបាយនៅតំបន់ Sahel របស់អាហ្វ្រិក ។
ផ្លូវទឹកតាមមហាសមុទ្រអាត្លង់ទិកទៅកាន់ប្រជុំកោះ Canary ត្រូវបានគេមើលឃើញពីកំណើនយ៉ាងឆាប់រហ័សបំផុតនៃការធ្វើអន្តោប្រវេសន៍ខុសប្រក្រតីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីវាជាចំនួនទាបជាងអ្នកដែលធ្វើដំណើរតាមផ្លូវទឹកភាគកណ្តាលសមុទ្រមេឌីទែរ៉ាណេ ទៅកាន់ប្រទេសអ៊ីតាលីក៏ដោយ ៕


