យោងតាមប្រមុខមជ្ឈមណ្ឌលប្រឆាំងព័ត៌មានមិនពិតរបស់អ៊ុយក្រែន លោក Andriy Kovalenko បានឲ្យដឹងថា តាមសេចក្តីរាយការណ៍ កងកម្លាំងអ៊ុយក្រែន បានចូលរួមជាមួយកងទ័ពកូរ៉េខាងជើង នៅក្នុងតំបន់ Kursk របស់រុស្ស៊ី នៅក្នុងការប្រយុទ្ធដែលគេដឹងថា ជាលើកដំបូងបង្អស់ ពាក់ព័ន្ធនឹងអង្គភាពទាំងនេះ។
លោកបានឲ្យដឹងនៅក្នុងកម្មវិធីផ្ញើសារ Telegram នាថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) នេះថា «បុគ្គលិកយោធាដំបូងរបស់ DPRK បានស្ថិតនៅក្នុងការប្រយុទ្ធរួចហើយ នៅក្នុងតំបន់ Kursk របស់សហព័ន្ធរុស្ស៊ី» ដោយការលើកឡើងនោះសំដៅទៅលើឈ្មោះអក្សរកាត់កូរ៉េខាងជើង DPRK ដែលមានឈ្មោះផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចារកម្មយោធាអ៊ុយក្រែន កាលពីសប្តាហ៍មុន ទាហានកូរ៉េខាងជើងប្រហែល ១២.០០០នាក់ ក្នុងនោះរួមទាំងមន្រ្តី ៥០០នាក់ និងឧត្តមសេនីយ៍ ៣រូប ត្រូវបានដាក់ពង្រាយនៅរុស្ស៊ី ដោយអង្គភាពខ្លះត្រូវបានដាក់ឲ្យឈរជើងរួចហើយ នៅក្នុងតំបន់ Kursk។
សហរដ្ឋអាមេរិក ក៏បានប្រាប់ផងដែរកាលពីសប្តាហ៍មុនថា ទ័ពកូរ៉េខាងជើងប្រហែល ៨.០០០នាក់ ត្រូវបានដាក់ឲ្យឈរជើង នៅតាមព្រំដែនជាមួយអ៊ុយក្រែន។ ហើយកាលពីថ្ងៃពុធសប្ដាហ៍កន្លងមក ទីភ្នាក់ងារចារកម្មយោធារបស់កូរ៉េខាងត្បូង បានបង្ហើបប្រាប់ថា អង្គភាពឈានមុខនៃទាហានកូរ៉េខាងជើង ប្រហែលជាត្រូវបានបញ្ជូនទៅកាន់សមរភូមិជួរមុខ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន៕

