អភិបាលតំបន់ Kharkiv លោក Oleh Syniehubov និយាយថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារលើទីក្រុងធំបំផុតទី ២ Kharkiv របស់អ៊ុយក្រែន និងតំបន់ជុំវិញទីនោះ ដោយប្រើប្រាស់គ្រាប់បែកតម្រង់គោលដៅកាលពីយប់ថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៥នាក់ រងរបួស ។
លោក Syniehubov បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ការវាយប្រហារនេះ បណ្តាលឲ្យខូចខាតអគាររស់នៅអ្នកស្រុក ២កន្លែង ផ្សារទំនើប ២កន្លែង ហាងកាហ្វេមួយកន្លែង បញ្ជរលក់ ២១កន្លែង និងមជ្ឈមណ្ឌលទិញទំនិញមួយកន្លែង ។
ដោយឡែក លោក Volodymyr Tymoshko គឺជាស្នងការនគរបាលតំបន់ Kharkiv និយាយថា នៅវេលាម៉ោង ២២ និង ២៧នាទីយប់ ម៉ោងក្នុងស្រុក គ្រាប់បែកតម្រង់គោលដៅ ៣គ្រាប់ ត្រូវបានបាញ់តម្រង់ទីក្រុង Kharkiv ក្នុងនោះគ្រាប់បែកមួយគ្រាប់បានធ្លាក់ត្រូវផ្លូវរថភ្លើងជិតផ្សារទំនើប ស្ថិតក្នុងសង្កាត់ Shevchenko នៃទីក្រុង Kharkiv ។
សូមបញ្ជាក់ថា ទីក្រុងភាគខាងកើតប្រទេសអ៊ុយក្រែនមួយនេះ បានក្លាយជាគោលដៅញឹកញាប់នៃការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ី ចាប់តាំងពីការវាយលុករបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕



