កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមបុព្វជិតហិណ្ឌូនៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា បានធ្វើពិធីបួងសួងបន់ស្រន់ឲ្យបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump សុំឲ្យលោកជោគជ័យ និងឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ។
បុព្វជិតហិណ្ឌូ Swami Vedmurstinand Saraswati ដែលរៀបពិធីបួងសួងនេះ និយាយថា លោក Donald Trump គឺជាមេដឹកនាំតែម្នាក់គត់ដែលអាចនាំពិភពលោកឆ្ពោះទៅកាន់សន្តិភាព ។
លោក Saraswati ដែលបានបួងសួងបន់ស្រន់ផងដែរដល់លោក Trumpក្រោយការប៉ុនប៉ងធ្វើឃាតកាលពីខែកក្កដា និយាយថា សហគមន៍ហិណ្ឌូគាំទ្រអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ដោយសារតែលោកបានសន្យាការពារជនជាតិឥណ្ឌារស់នៅសហរដ្ឋអាមេរិក និងសាសនិកហិណ្ឌូនៅជុំវិញពិភពលោក ។
លោក Trump ដែលធ្លាប់កាន់អំណាចជាប្រធានាធិបតីទី ៤៥របស់សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២១ កំពុងព្យាយាមវិលត្រឡប់មកកាន់អំណាចវិញ ។
លោកស្រី Harrisនិងលោក Trumpមានគោលនយោបាយផ្សេងគ្នាលើបញ្ហាធំៗជាច្រើន រួមទាំងការគាំទ្រអ៊ុយក្រែន និងអង្គការណាតូ សិទ្ធិរម្លូតកូន ការធ្វើអន្តោប្រវេសន៍ ពន្ធដារ គោលការណ៍ប្រជាធិបតេយ្យ និងការដំឡើងពន្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ការបែងចែករវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ៕



