ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានជួបពិភាក្សាគ្នា ជាមួយសមភាគីកូរ៉េខាងត្បូង លោក Cho Tae-yul នៅថ្ងៃចន្ទនេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងទីក្រុងសេអ៊ូល ជុំវិញការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់សង្គ្រាមជាមួយអ៊ុយក្រែន។
លោក Borrell បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃអាទិត្យថា លោក បានទៅដល់កូរ៉េខាងត្បូងហើយ បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងបានទៅទស្សនាតំបន់គ្មានយោធាដែលមានកំពែងរឹងមាំខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។
លោក Borrell បាននិយាយនៅក្នុងសារបង្ហោះថា៖«ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ គឺនៅតំបន់គ្មានយោធា (DMZ) រវាងសាធារណរដ្ឋកូរ៉េ និងកូរ៉េខាងជើង ដែលជាការរំលឹកមួយផ្សេងទៀតនៃតម្រូវការ ក្នុង ការវិនិយោគបន្ថែមទៀត នៅក្នុងសន្តិភាព»។
លោក Borrell បានបញ្ជាក់ក្នុងសារបង្ហោះមួយទៀតថា៖«លោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិ រវាងសហភាពអឺរ៉ុប និងទីក្រុង សេអ៊ូល ឲ្យឈានទៅ«កម្រិតបន្ទាប់» ដោយមិនបានផ្តល់សេចក្តីលម្អិតឡើយ។
ជំនួបសន្ទនាជាយុទ្ធសាស្ត្រលើកដំបូងរវាងសហភាពអឺរ៉ុប និងកូរ៉េខាងត្បូង ធ្វើឡើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បាននិងកំពុងប្រកាសពីការព្រួយបារម្ភខ្លាំងអំពីការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់សង្គ្រាមរបស់ខ្លួន ជាមួយអ៊ុយក្រែន។

