ប្រទេសឥណ្ឌា បានបង្កើនសន្តិសុខ នៅទីក្រុង Srinagar របស់តំបន់ Jammu និង Kashmir នៅថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) នេះ បន្ទាប់ពីមានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ នាពេលថ្មីៗនេះ និងការចាប់ផ្តើមនៃសម័យប្រជុំសភាប្រចាំរដ្ឋ។
គួរបញ្ជាក់ថា មន្ត្រីរដ្ឋបាលប្រចាំតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១នាក់ បានរងរបួស នៅពេលដែលពួកសកម្មប្រយុទ្ធបានគប់គ្រាប់បែកដៃសំដៅកងកម្លាំងសន្តិសុខឥណ្ឌា កាលពីថ្ងៃអាទិត្យ (ទី៣ វិច្ឆិកា) នៅឯផ្សារទីវាលមួយកន្លែង ក្នុងទីក្រុង Srinagar ដែលជារដ្ឋធានីនៃតំបន់ Kashmir ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។
អត្តសញ្ញាណក្រុមសកម្មប្រយុទ្ធដែលត្រូវទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ មិនត្រូវបានគេដឹងនៅឡើយទេ។ ការវាយប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីមេបញ្ជាការជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធអ៊ិស្លាម Lashkar-e-Taiba (LeT) ត្រូវបានសម្លាប់រួមជាមួយពួកសកម្មប្រយុទ្ធ២នាក់ផ្សេងទៀត ដោយកងទ័ពឥណ្ឌា នៅក្នុងតំបន់ Kashmir៕



