យោធាអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) នេះ បានបដិសេធថា ខ្លួនមិនបានវាយប្រហារលើគ្លីនិកមួយកន្លែង នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីបនោះទេ ជាកន្លែងដែលបុគ្គលិកសុខាភិបាលកំពុងផ្ដល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានត្រូវចំគ្លីនិកមួយកន្លែង នៅសង្កាត់ Sheikh Radwan ខណៈឪពុកម្តាយនាំកូនទៅទទួលវ៉ាក់សាំង។ ហើយក្រសួងបានបន្ថែមថា កុមារ ៤នាក់ បានរងរបួសដោយសារការផ្ទុះ ដែលបានកើតឡើងក្នុងអំឡុងពេលមានកិច្ចព្រមព្រៀងផ្អាកបាញ់មនុស្សធម៌ ដើម្បីអនុញ្ញាតឲ្យយុទ្ធនាការនេះដំណើរការទៅបាន។
យោធាបានប្រាប់ថា ខ្លួនបានដឹងអំពីរបាយការណ៍នេះ ប៉ុន្តែបាននិយាយថា ការត្រួតពិនិត្យបឋមបង្ហាញថា កងកម្លាំងរបស់ខ្លួនមិនបានធ្វើការវាយប្រហារណាមួយឡើយ នៅពេលដែលហេតុការណ៍នោះបានកើតឡើង។ ហើយយោធាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ផ្ទុយនឹងការអះអាង ការពិនិត្យឡើងវិញជាបឋម បានកំណត់ថា IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) មិនបានធ្វើវាយប្រហារនៅក្នុងតំបន់ ដែលត្រូវបានលើកឡើងនោះទេ»។
ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងតែបន្តិចបន្ទាប់ពីក្រុម WHO ស្ថិតនៅឯគ្លីនិកនោះ ហើយថា វាបានបង្កគ្រោះថ្នាក់ដល់យុទ្ធនាការការពារសុខភាពដ៏មានសារៈសំខាន់៕


