នៅថ្ងៃចន្ទនេះ ពលរដ្ឋហ្កាហ្សា បានបង្ហាញក្តីបារម្ភរបស់ពួកគេ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ដោយពួកគេសង្ឃឹមថា លទ្ធផលនឹងនាំឲ្យបញ្ចប់ជម្លោះកំពុងកើតឡើងនៅក្នុងដែនដីប៉ាឡេស្ទីនបិទច្រកមួយនេះ ។
ព័ទ្ធជុំវិញដោយគំនរបាក់បែកផ្ទះរបស់គាត់ដែលរងការបំផ្លិចបំផ្លាញដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Khan Younis ស្ថិតក្នុងតំបន់ភាគខាងត្បូងហ្កាហ្សា អ្នកស្រី Ikram Al Hamm សង្ឃឹមថា ប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក នឹងជំរុញឲ្យមានបទឈប់បាញ់ និងបញ្ចប់សង្រ្គាមមួយនេះ ។
អ្នកស្រីនិយាយយថា គាត់គ្រាន់តែសង្ឃឹមថា ប្រធានាធិបតីក្រោយ នឹងមិនប្រព្រឹត្តឧក្រិដ្ឋកម្មរបស់លោក Bidenជាមួយអ៊ីស្រាអែលនោះទេ ។
អ្នកស្រី Ikram បានជម្លៀសខ្លួនចេញពីទីក្រុង Rafah ហើយអ្នកស្រី បានបង្ខំចិត្តជម្លៀសខ្លួនច្រើនលើកដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ។ អ្នកស្រី បានរៀបរាប់ពីការឈឺចាប់នៅតំបន់ហ្កាហ្សា ជាទីដែលពលរដ្ឋហ្កាហ្សា សង្ឃឹមថានឹងបញ្ចប់ការលំបាករបស់ពួកគេ ។
អ្នកស្រីនិយាយថា ពួកយើងសុំឲ្យអ្នកឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិក បញ្ឈប់សង្រ្គាមលើជនប៉ាឡេស្ទីន ។ ពួកយើងលែងសុំអ្វីទៀតហើយ ។
ប្រជាពលរដ្ឋផ្សេងទៀត បានបង្ហាញភាពអស់សង្ឃឹមដូចគ្នាចំពោះគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក និងលទ្ធផលការបោះឆ្នោត ។
លោក Khalil Al Laham គឺជាពលរដ្ឋហ្កាហ្សា និយាយថា ប្រធានាធិបតីមុន និងក្រោយ គឺមិនខុសគ្នាទេ ពួកគេនឹងដឹកនាំការកម្ទេចពួកយើង ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងប្រកួតប្រជែងជាមួយអនុប្រធានាធិបតីលោកស្រី Kamala Harris នៅការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនាថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ ៕




