រដ្ឋាភិបាលអេស្ប៉ាញ និយាយនៅថ្ងៃចន្ទនេះថា ពួកគេដាក់ពង្រាយទាហាន ៧.៥០០នាក់ ទៅកាន់តំបន់ភាគខាងកើតដែលរងគ្រោះដោយសារទឹកជំនន់ ជាការប្រឈមនឹងការមិនពេញចិត្តកើនឡើងចំពោះការឆ្លើយតបយឺតយ៉ាវចំពោះគ្រោះមហន្តរាយធម្មជាតិមួយនេះដែលបានសម្លាប់មនុស្សយ៉ាងហោច ២១៧នាក់ ។
នាវាចម្បាំង បានដឹកទាហានថ្មើរជើងម៉ារីន ១០៤នាក់ ស្របពេលដែលរថយន្តដឹកស្បៀងអាហារ និងទឹក បានធ្វើដំណើរទៅដល់កំពង់ផែ Valencia បើទោះបីជាព្យុះទឹកកក កំពុងវាយប្រហារទីក្រុង Barcelona ស្ថិតនៅចម្ងាយឃ្លាតពីគ្នាប្រហែល ៣០០គ.ម នៅភាគខាងជើង ។
កាលពីចុងសប្តាហ៍នេះ កងទ័ពអេស្ប៉ាញ បានបញ្ជូនទាហាន ៥ពាន់នាក់ ទៅជួយចែកចាយជំនួយ និងទឹក បោសសម្អាតតាមផ្លូវ និងការពារហាង និងអចលនទ្រព្យពីក្រុមចោរលួច ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអេស្ប៉ាញលោក Margarita Robles បាននិយាយប្រាប់វិទ្យុជាតិ RNE ថា ទាហាន ២.៥០០នាក់បន្ថែមទៀត នឹងចូលរួមជាមួយពួកគេ ។
ចំនួនគ្រោះថ្នាក់ដល់អាយុជីវិតពីទឹកជំនន់ដ៏គំហក់អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តនាសម័យទំនើបរបស់អេស្ប៉ាញ បានកើនឡើងដល់ ២១៧នាក់ កាលពីថ្ងៃអាទិត្យ ដែលភាគច្រើននៃពួកគេ បានស្លាប់នៅតំបន់ Valencia ហើយមនុស្សជាង ៦០នាក់ បានស្លាប់នៅតំបន់ជាយក្រុង Paiporta ៕


